(សៀមរាប)៖ នាឱកាសថ្ងៃឈប់រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តនៅរមណីយដ្ឋានអង្គរមានចំនួនប្រមាណជិត៨ម៉ឺននាក់។ នេះបើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ នៅទូទាំងខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុប១១៨,១៤៦នាក់។
លោកថា ក្នុងចំណោមនោះ មានភ្ញៀវជាតិចំនួនប្រមាណ១១៧,០០០នាក់ ក្នុងនោះភ្ញៀវទេសចរមកពីតាមបណ្តារាជធានី-ខេត្តមានចំនួនប្រមាណ ៧០-៨០% ពោលគឺប្រមាណជា៨០,០០០នាក់ ទៅ ៩០,០០០នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។
លោកប្រធានមន្ទីរទេសចរណ៍បានបន្តថា គោលដៅទស្សនាដែលភ្ញៀវទេសចរទៅទស្សនានោះ រួមមាន៖
* រមណីយដ្ឋានអង្គរមានចំនួនប្រមាណ៧៩,០០០នាក់
* រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួនប្រមាណ១២,៧០០នាក់
* សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ២៥,៣០០នាក់។
លោកប្រធាន ង៉ូវ សេងកាក់ បានបន្តទៀតថា ភ្ញៀវទេសចរបរទេសផ្ទៃក្នុង ដែលមកទស្សនាកម្សាន្តនៅទូទាំងខេត្តសៀមរាបគឺមានចំនួន១,១៤៦នាក់ ភាគច្រើនគឺជនជាតិចិន ដែលចូលទស្សនារមណីយដ្ឋានអង្គរ។
សូមជម្រាបថា នាឱកាសថ្ងៃឈប់រយៈពល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប៩១០,១៥០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៨៩៩,៨៦៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០,២៨១នាក់៕