(បន្ទាយមានជ័យ)៖ ករណីផ្ទុះអាវុធនៅក្រុងប៉ោយប៉ែត នៅវេលាម៉ោង ១២៖២០នាទី ថ្ងៃអាទិត្យ ទី២១ ខែវិចិ្ឆកាឆ្នាំ២០២១ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នៅចំណុចទឹកពុះ កាស៉ីណូផ្កាយប្រាំ គឺជាការចុះបង្ក្រាបរបស់សមត្ថកិច្ច ចំពោះជនជាតិថៃមួយក្រុម និងក្រុមកាងជនជាតិថៃ ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រុមបង្កទាំងនោះបានប្រើដប គប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំងបានប្រើអាវុធបាញ់មកលើសមត្ថកិច្ច បណ្តាលឲ្យកម្លាំងអាវុធហត្ថរងរបួស៣នាក់ ក្នុងនោះកម្លាំងអាវុធហត្ថម្នាក់ត្រូវគ្រាប់កាំភ្លើងដែលជនបង្កបាញ់ធ្លាយថ្ពាល់និងថ្គាមពីម្ខាងទៅម្ខាងរបួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីទប់ទល់ស្ថានការណ៍។

លោកបន្តថា ជាលទ្ធផលសមត្ថកិច្ចចាប់ខ្លួនក្រុមបង្កទាំងនេះបាន ១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួនបក្សពួកក្រុមបង្កបញ្ហាបន្តបន្ទាប់ទៀត។ កម្លាំងសមត្ថកិច្ច ដែលរងរបួសត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕