(ភ្នំពេញ)៖ មុនថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឈានចូលមកដល់នាពេលខាងមុខនេះ នៅវត្តទីឃវ័ន្ត ហៅវត្តព្រៃវែង ស្ថិតក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងភរិយា បានចូលរួមជាអធិបតី ក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រគេនព្រះសង្ឃ ចំនួន ៣០អង្គ និងជូនលោកតាលោកយាយ ចំនួន ២០០នាក់ ដើម្បីសុំខមាលទោស និងជូនពរជ័យសម្រាប់ឱកាសឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានឧបត្ថម្ភដល់លោកតាលោកយាយ ទាំង២០០នាក់ ក្នុងម្នាក់ៗថវិកា ១ម៉ឺនរៀលផងដែរ។
ក្នុងឱកាសនោះផងដែរក៏មានរៀបចំកម្មវិធីសង្ក្រានឆ្នាំថ្មី ដែលមានការសម្តែងរបាំត្រុដ លេងល្បែងប្រជាប្រិយខ្មែរ និងការរាំលេងកម្សានផងដែរ ដោយមានការចូលរួមពីក្រុមប្រឹក្សា គណៈអភិបាលខណ្ឌ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋ មកពីតាមបណ្តាសង្កាត់ទាំង១៣ ក្នុងខណ្ឌដង្កោ ចូលរួមយ៉ាងច្រើនកុះករ ដើម្បីអបអរសាទរដល់ឆ្នាំថ្មី ដែលនឹងចូលមកដល់ខាងមុខនេះ។
ការរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយនេះឡើងគឺដើម្បីបំផុសឲ្យយុវជន និងប្រជាពលរដ្ឋទូទៅ ចូលរួមថែរក្សាវប្បធម៌ប្រពៃណីដ៏ល្អផូផង់របស់ខ្មែរយើង តាមរយៈការលេងល្បែងប្រជាប្រិយខ្មែរ ការជួបជុំគ្នាលេងកម្សាន្តនៅតាមទីវត្តអារាម ដែលទំនៀមទំលាប់នេះ បានរក្សាទុកតាំងពីយូរយាណាស់មកហើយ ជាមួយគ្នាគឺដើម្បីជៀសវាងកុំឲ្យយុវជន យកពេលវេលាទំនេរក្នុងឱកាសចូលឆ្នាំថ្មីនេះ ប្រព្រឹត្តិល្បែងស៊ីសងផ្សេងៗ។
ការរៀបចំកម្មវិធីនេះឡើង គឺបានទទួលការឧបត្ថម្ភពីលោកស្រី គ្រួច សំអាន តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃវែង និងលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ៕