(កំពង់ស្ពឺ)៖ ទោះជាមិនបានរៀបចំពិធីព្រះរាជអបអរសាទរបុណ្យអុំទូកនៅឆ្នាំនេះក៏ពិតមែន តែនៅថ្ងៃទី២នៃព្រះរាជពិធីបុណ្យនេះ រដ្ឋបាលខេត្តកំពង់ស្ពឺក៏បានរៀបចំនូវពិធីអកអំបុក សំពះព្រះខែ និងបាញ់កាំជ្រួច ដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងខេត្ត និងមានពលរដ្ឋមកទស្សនាកម្សាន្តសប្បាយដូចបណ្តារាល់ឆ្នាំកន្លងទៅដែរ។

ការរៀបចំពិធីកម្សាន្តសប្បាយនេះធ្វើឡើងនៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងបរិវេណសួនច្បារសម្តេចសង្ឃរាជ ជួន ណាត មាត់ស្ទឹងព្រែកត្នោត ក្រោមវត្តមានរបស់លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។

នៅក្នុងពិធីនោះដែរក៏មានការបង្វិលទៀនលើខ្នងនាគ ដើម្បីឱ្យដឹងថាឆ្នាំក្រោយនេះ និងមានភ្លៀងធ្លាក់ច្រើនឬតិច។ ក្រោយការបង្វិលដោយក្រុមតាអាចារ្យ ក៏បានបង្ហាញថានៅទូទាំងស្រុក-ក្រុងទាំង៨ នៃខេត្តកំពង់ស្ពឺ គឺមានភ្លៀងធ្លាក់រាយប៉ាយខុសៗគ្នា ដោយក្នុងនោះនៅដើមឆ្នាំគឺមានភ្លៀងតិចតួចប៉ុណ្ណោះ នៅពាក់កណ្តាលឆ្នាំ គឺភ្លៀងធ្លាក់ជោកជាំខ្លាំង និងនៅចុងឆ្នាំភ្លៀងបានថយមកនៅត្រឹមមធ្យមវិញ។

ជុំវិញការព្យាករណ៍ដោយការសម្រក់ទៀនទៅតាមប្រពៃណីសាសនានេះដែរ ក៏បានបង្ហាញពីការបង្កបង្កើនផលរបស់ប្រជាកសិករនៅឆ្នាំក្រោយនេះដែរថា ទិន្នផលនឹងមានការកើនឡើងគួរជាទីមោទនៈ គ្រាដែលទទួលបានរបបទឹកភ្លៀងបានបរិបូណ៌នៅពាក់កណ្តាលឆ្នាំ។

សូមបញ្ជាក់ថា ក្រោយពីបង្វិលទៀនបានចប់សព្វគ្រប់ គណៈអធិបតី មន្ត្រីរាជការចូលរួម និងប្រជាពលរដ្ឋដែលបានមកចូលរួមការអបអរសាទរព្រះរាជពិធី ក៏បានធ្វើការអកអំបុករួមគ្នា និងទស្សនាការបាញ់កាំជ្រួចសំពះព្រះខែក្នុងឱកាសនោះផងដែរ៕