(ប៉ៃលិន)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី១០ ដល់១២ ខែមេសា ឆ្នាំ២០១៦នេះ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារតាំងលក់ នៅតាមគេហដ្ឋាន ស្ថិតក្នុងភូមិបឹងព្រលិត និងភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តប៉ៃលិន បានឲ្យភ្នាក់ងារ Fresh News ថា មុខថ្ងៃបុណ្យចូលឆ្នាំថ្មី ឈានចូលមកដល់ ហើយក៏ជាឱកាសរបស់ឈ្មួញខិលខូចលួចបន្លំ នាំចូលពីប្រទេសជិតខាង យកមកដាក់តាំងលក់នៅលើទីផ្សារ ដែរពលរដ្ឋខ្លះមិនបានយល់ដឹងពីមុខម្ហូបអាហារ ឬទំនិញណាគ្មានគុណភាពនោះឡើយ ដូច្នេះហើយក្នុងនាមជាមន្ត្រីជំនាញ តែងតែចុះត្រួតពិនិត្យជាញឹកញាប់។
លោកបន្តថា បច្ចុប្បន្ននេះមន្ត្រីជំនាញតែងតែប្រឹងប្រែង ទប់ស្កាត់បទល្មើសយ៉ាងណា ក៏មានការបង្ហូរចូលតាមច្រករបៀង ជាពិសេសនេះនាឱកាសបុណ្យចូលឆ្នាំថ្មី ឈ្មួញខិតខូចឆ្លាតឱកាសបានតែយ៉ាងណាមន្ត្រីនៅតែបន្តដដែល។
លោកបានបន្ថែមថា មន្ត្រីជំនាញបានរឹបអូសបានផលិតផល ម្ហូបអាហារខូចគុណភាពជាច្រើនមុខ យកមករក្សាទុកនៅស្នាក់ការកាំកុងត្រូលខេត្ត ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់៕