(ភ្នំពេញ)៖ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងការបង្ហោះប្រឌិតរឿងព្រំដែន, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានចាប់ខ្លួន បុគ្គលទាំងឡាយ មិនថាអ្នកនោះជាសមាជិកព្រឹទ្ធសភា ឬរដ្ឋសភា ឱ្យដើរនិយាយថា រាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ផែនទីក្លែងក្លាយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការជនមួយចំនួនបន្តដើរបំផុសថា រាជរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ ទាំងដឹងថាការផ្ទៀងផ្ទាត់ផែនទីទាំងឡាយដែលមកពីប្រភពនានាឃើញថាដូចគ្នា ហើយរដ្ឋសភាធ្វើសច្ចាប័ន និងព្រះមហាក្សត្រឡាយព្រះហស្ថលេខានោះ គឺជាការបង្កមហន្តរាយដល់ប្រទេសជាតិ។ (សូមទស្សនាវិដេអូការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន នៅខាងក្រោម)
ក្នុងពិធីសំណេះសំណាលជាមួយ យោធិនពិការ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន ៣១៧គូលេន នៅឃុំបល្ល័ង្ក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា « ខ្ញុំសូមបញ្ជាក់តែ២ចំណុចទេ ទី១គឺដរាបណាដែលរដ្ឋធម្មនុញ្ញមិនទាន់ត្រូវបានកែប្រែ និងលុបចោលមាត្រាទី២ នៃរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឱ្យប្រើប្រាស់នូវផែនទីខ្នាត ១/១០០ពាន់ ដែលបោះពុម្ភដោយក្រុមភូមិសាស្រ្តឥណ្ឌូចិន អ្នកឯងនិយាយខ្ញុំត្រូវតែចាប់ខ្លួនភ្លាម ទី២ដរាបណាសុពលភាព នៃបត្យាប័ន លើកិច្ចព្រមព្រៀងបន្ថែម រវាងកម្ពុជា-វៀតណាម ដែលសភាឱ្យសច្ចាប័ន និងព្រះមហាក្សត្រឡាយព្រះហស្ថលេខា អ្នកឯងនិយាយរឿងផែនទីក្លែងក្លាយ ខ្ញុំនឹងចាប់អ្នកឯងភ្លាម មិនថាអ្នកឯងជាសមាជិក សភា ឬសមាជិកព្រឹទ្ធសភានោះទេ អាហ្នឹងជាបទល្មើសជាក់ស្តែង ពីព្រោះនេះជាការញុះញង់ធំណាស់ ដែលបង្កមហន្តរាយដល់ប្រទេសជាតិ»។
សម្តេច បានបន្ថែមថា «ខ្ញុំបានឱ្យឱកាសគ្រប់គ្រាន់ហើយ ដោយនាំយកផែនទីពីអង្គការសហប្រជាជាតិមកផ្ទៀងផ្ទាត់ជាមួយ ផែនទីរាជរដ្ឋាភិបាល ដោយមិនមែនយលផែនទីរាជរដ្ឋាភិបាល ទៅផ្ទៀងផ្ទាត់ជាមួយអង្គការសហប្រជាជាតិទេ ទី២ខ្ញុំបានសុំប្រធានាធិបតីបារាំង ដើម្បីនាំមកនូវផែនទី យកមកផ្ទៀងផ្ទាត់នឹងផែនទីរាជរដ្ឋាភិបាល ដែលបាន និងកំពុងប្រើ គឺអត់មានអ្វីខុសគ្នាទាំងអស់ ខ្ញុំបានផ្តល់ឱកាសឱ្យពួកគេគ្រប់គ្រាន់ណាស់ទៅហើយ ប៉ុន្តែបើនិយាយរឿងផ្លូវច្បាប់ គ្មានការចាំបាច់អ្វីត្រូវផ្ទៀងផ្ទាត់បែបនេះទេ ប៉ុន្តែខ្ញុំចង់ឱ្យពលរដ្ឋកម្ពុជា យល់ឱ្យបានអំពីទឹកដីកម្ពុជា នៅសល់ប៉ុណ្ណា»៕
សម្តេចតេជោ ហ៊ុន សែន ព្រមានចាប់ខ្លួនជាបន្តបន្ទាប់ ទៅលើអ្នកដើរនិយាយថា រាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ផែនទីក្លាយ
Posted by Fresh News on Monday, April 11, 2016