Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកំពុងរៀបចំកែសម្រួលប្រាក់របបសម្រាប់និវត្តជនមុន និងក្រោយ ឲ្យទទួលបានស្មើគ្នា

12-04-2016 13:24

(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា សម្តេចបានឲ្យក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ រៀបចំកែសម្រួលប្រាក់របបប្រចាំខែ សម្រាប់យោធិនពិការ ក៏ដូចជានិវត្តជនទាំងអស់ ដែលបានចូលនិវត្តន៍មុន និងក្រោយ ឲ្យទទួលបានប្រាក់របបស្មើគ្នា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុង​ឱកាសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅសំណេះសំណាលជាមួយ យោធិនពិការ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន ៣១៧គូលេន នៅឃុំបល្ល័ង្ក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ បានថ្លែងថា «ពិតមែនហើយ ឥឡូវខ្ញុំកំពុងតែផ្តល់ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ធ្វើការកែសម្រួលពីអ្នកចូលនិវត្តន៍មុន និងអ្នកចូលនិវត្តន៍ក្រោយ ។ ពិការមុនដែលទទួលរបបទាប និងពិការក្រោយ ដែលទទួលរបបខ្ពស់ ដើម្បីរុញឡើង។ ពីដើមកូនទាហាន ប្រាក់ខែ២០ម៉ឺនរៀល ចាប់ពិការដល់ទៅពេល ចូលទៅទទួលរបបខាងសង្គមកិច្ច ថានៅសង់តែ២០ម៉ឺនរៀល ប៉ុន្តែអ្នកដែលផ្ទេរទៅក្រោយ ស្រាប់តែមានប្រាក់របបដល់ទៅ៧០ម៉ឺនរៀល ហើយស័ក្តិប៉ុនគ្នា (អ្នកពិការមុន និងពិការក្រោយ) អីចឹងត្រូវរកវិធីរំកិលចំនួន ២០ម៉ឺនរៀល ឲ្យវាឡើង ដើម្បីឲ្យវាទៅកៀកនឹង ៧០ម៉ឺនរៀល»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការរំកិលប្រាក់របបនេះ មិនមែនធ្វើឡើងតែយោធិនពិការនោះទេ គឺករណីទូទៅទាំងមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ រវាងអ្នកចូលនិវត្តន៍មុន ដែលមានប្រាក់ខែទាប និងអ្នកចូលនិវត្តន៍ក្រោយ ដែលមានប្រាក់ខែខ្ពស់។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានអំពាវនាវដល់អាណាព្យាបាល និងមាតាបិតា ដែលយោធិនពិការ ត្រូវខិតខំជំរុញឲ្យកូនៗរបស់ខ្លួន បានចូលរៀនគ្រប់គ្នា ដើម្បីឲ្យពួកគេមានអនាគតល្អ។

ពិសេសជាងនេះទៅទៀតនោះ សម្តេចតេជោ ហ៊ុន សែន សន្យាថា ក្នុង១ឆ្នាំម្តង សម្តេចត្រូវអញ្ជើញទៅកាន់ មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន ៣១៧គូលេន ដើម្បីសំណេះសំណាល និងសាកសួរសុខទុក្ខ ហើយប្រសិនបើសម្តេចមិនបានមកផ្ទាល់ ក៏ប្រគល់ភារកិច្ចឲ្យកូនៗរបស់សម្តេចមកដែរ។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភសាងសង អគារសិក្សាមួយខ្នងដល់ មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន ៣១៧គូលេនផងដែរ៕