(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែមេសានេះ បានប្រកាសផ្តល់អាហារូបករណ៍សិក្សា នៅមហាវិទ្យាល័យដោយឥតគិតថ្លៃ ដល់កូនៗរបស់ជនពិការ ដែលរស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ សម្តេចតេជោ ហ៊ុន សែន ៣១៧គូលេន ខេត្តសៀមរាប, មណ្ឌលអភិវឌ្ឍន៍តាកែនកោះស្លា ស្រុកឈូក ខេត្តកំពត និងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោ ភ្នំឆត្រ័ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជយ័ ក្រោយពួកគេប្រឡងជាប់បាក់ឌុប។
ថ្លែងក្នុងពិធីចុះសំណេះសំណាលជាមួយ យោធិនពិការ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន ៣១៧គូលេន នៅឃុំបល្ល័ង្ក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោបានប្រកាសថា «កូនរបស់ជនពិការទាំងឡាយ ដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ខ្ញុំនឹងផ្តល់អាហារូបករណ៍ ឲ្យរៀននៅមហាវិទ្យាល័យទាំងអស់គ្នា។ ដើម្បីឲ្យកូនចៅ របស់ជនពិការឡាយ រៀនដល់ថ្នាក់មហាវិទ្យាល័យ»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសំណូមពរឲ្យបងប្អូនជាជនពិការ កុំលែងល្បែង ដូចជាចាក់កន្ទុយលេខ បៀរ ជាដើម ព្រោះល្បែងមិនដែលនាំមកនូវជម្លោះ កើតអំពើហិង្សាក្នុងគ្រួសារ បាត់បង់ទ្រព្យសម្បត្តិ ដែលជារឿងមិនគួរគប្បីប្រព្រឹត្តឡើយ៕