(ភ្នំពេញ)៖ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ បានចេញមុខបដិសេធ ចំពោះការចោទប្រកាន់ទាំងឡាយពាក់ព័ន្ធ នឹងការស្នើដកប្រធានមន្ទីរធម្មការ និងសាសនា ខេត្តព្រះសីហនុ។
ការចេញមុខបដិសេធនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានមួយចំនួន បានចុះផ្សាយពាក់ព័ន្ធនឹងព្រះសង្ឃ និងពុទ្ធបរិស័ទ បានផ្តិតមេដាយ សុំដកប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ ថាបានប្រព្រឹត្តអំពើពុករលួយ និងហេតុផលមួយចំនួនទៀត។
លោក សេង សុមុនី បានលើកឡើងថា ករណីនេះ ក្រសួងបានធើ្វការជូនដំណឹង ច្រើនលើកច្រើនសារមកហើយ ក្នុងរឿងដដែលៗ។ ចំពោះការលើកឡើងថា ប្រធានមន្ទីរខេត្តព្រះសីហនុ ប្រព្រឹត្តខុសឆ្គងហើយ មិនអាចដកចេញបាន ដោយសារមាន លោកស្រី កែវ សុធារី ការពារពីក្រោយខ្នង ចំណុចនេះលោក សេង សុមុនី បំភ្លឺជាសាធារណៈថា ក្រសួងកំពុងចាត់វិធានការ យ៉ាងស្វិតស្វាញ បន្តបន្ទាប់មិនរុញរាឡើយ ទៅតាមនីតិវិធី មិនអាចតក់ក្រហល់បានទេ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា «សូមទុកពេលឲ្យមន្ត្រីជំនញសិក្សា ឲ្យបានល្អិតល្អន់ មានហេតុផលត្រឹមត្រូវ មានទល្ហីករណ៍ជាក់លាក់នោះ ក្រសួងធ្វើការបង្ហាញជាសាធារណៈ ស្របតាមសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល ដែលមានជាធរមាន។ ដូច្នេះសូមសារព័ត៌មានទាំងឡាយ និងសាធារណមតិបានជ្រាបជាសាធារណ មិនឲ្យខកខានឡើយ។ ទន្ទឹមនឹងនេះ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះសារព័ត៌មាន ដែលបានចូលរួមរិះគន់ ដើម្បីស្ថាបនា និងភាពរីកចម្រើនសម្រាប់យើងទាំងអស់គ្នា»៕