(ភ្នំពេញ)៖ នៅមុននេះបន្តិច នាវេលាថ្ងៃត្រង់នេះទី១២ ខែមេសានេះ ចៅក្រម តុប ឈុនហេង សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោក អ៊ុំ សំអាន នៅពន្ធនាគារជាបណ្តោះអាសន្ន បន្ទាប់ពីបានសាកសួរអស់មួយព្រឹក។
តំណាងរាស្ត្រមណ្ឌលសៀមរាប នៃគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ត្រូវបានលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ចោទប្រកាន់ចំនួនពីរបទល្មើស រួចបញ្ចូនសំណុំរឿង និងជនត្រូវចោទទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។
យោងតាមដីការ លោក អ៊ុំ សំអាន ត្រូវបានចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទ ញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៥និង៤៩៦ នៃក្រមព្រហ្មទណ្ឌ។
ដីការរបស់តុលាការបានបង្គាប់៖
១៖ ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួន ជនត្រូវចោទដែលមានឈ្មោះ អ៊ុំ សំអាន ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ម១ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។
២៖ ឲ្យប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ម១ ទទួល និងឃុំខ្លួនជននេះ រហូតដល់មានបទបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ
៣៖ ឲ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះ ត្រូវបានបង្ហាញក្នុងករណីចាំបាច់។
លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប យប់រំលងអាធ្រាតចូលថ្ងៃទី១១ ខែមេសា បន្ទាប់ពីលោកត្រឡប់ពីអាមេរិក មកដល់ប្រទេសកម្ពុជា។ លោកត្រូវបានចាប់ខ្លួននៅម្តុំផ្សារកណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេលលោកចុះដកលុយនៅទូរ ATM របស់ធនាគារ។ សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយដូចករណី លោក ហុង សុខហួរ ដែរ។
បន្ទាប់ពីចាប់ខ្លួន លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាកសួរជាមុន នៅនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនរបស់ក្រសួងមហាផ្ទៃ ហើយបន្ទាប់មកទើបញ្ជូនទៅតុលាការ៕