(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមេសា ម្សិលមិញនេះ រដ្ឋាភិបាលចិន បានយល់ព្រមបើកបង្ហូរទឹកទន្លេឡានឆាងចូលទន្លេមេគង្គជាលើកទី ៣ តាមសំណើរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បញ្ចូលមកទន្លេមេគង្គ ដើម្បីផ្តល់ទឹកដល់ប្រទេសតាមដងទន្លេមេ គង្គទាំង៥ (មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម) ដែលកំពុងជួបគ្រោះរាំងស្ងួតខ្លាំង។
ដំណឹង នៃការបើកបង្ហូរទឹកទន្លេឡានឆាងចូលទន្លេមេគង្គជាលើកទី៣នេះ ត្រូវបានបញ្ជាក់ដោយលោកស្រី ប៊ូ ជាងហ្គូ ឯករដ្ឋទូតចិន ប្រចាំនៅកម្ពុជា ក្នុងឱកាសដែលលោកស្រីអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទើបនឹងឡើងកាន់តំណែង។
លោកស្រី ប៊ូ ជាងហ្គូ បានប្រាប់លោក ប្រាក់ សុខុន ថា ការបើកបង្ហូរទឹកទន្លេឡានឆាងចូលមកទន្លេមេគង្គ គឺបានធ្វើឡើងនៅថ្ងៃទី១១ ខែមេសា ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ក្រោយជំនួបពិភាក្សា រវាងលោកស្រី ប៊ូ ជាងហ្គូ និងលោក ប្រាក់ សុខុន នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា ប្រទេសចិន បានយល់ព្រមបើកទឹកបង្ហូចូលមកទន្លេមេគង្គចំនួន ២លើករួចមកហើយកាលពីខែកុម្ភៈ និង ខែមីនា។ ក្នុងពិធីកាត់ឬសីមាព្រះវិហារ នៅវត្តពានរោង ក្នុងភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅក្នុងឱកាសអញ្ជើញទៅចូលរួមវេទិកាសហ ប្រតិបត្តិការទន្លេមេគង្គ និងទន្លេឡានឆាង សម្តេចបានស្នើឲ្យប្រទេសចិន ជួយបើកបង្ហូទឹកចូលទន្លេមេគង្គ ដែលកំពុងរីងខ្លាំង។
បើតាមការបញ្ជាក់របស់សម្តេច ទន្ទឹមនិងការឲ្យចិនបើកបង្ហូរទឹក សម្តេចតេជោ ក៏បានស្នើឲ្យប្រទេសសមាជិកទន្លេមេគង្គនៅផ្នែកខាង លើ ដូចជាមីយ៉ាន់ម៉ា ថៃ និងឡាវ កុំឲ្យទប់ទឹកនេះខ្លាំងពេក ត្រូវបង្ហូរមកប្រទេសផ្នែកខាងក្រោមពីរទៀត គឺកម្ពុជា និងវៀតណាម។ សម្តេចតេជោ ក៏បានបង្ហាញក្តីព្រមបារម្ភផងដែរ បើទឹកទន្លេមេគង្គនៅតែបន្តរីងហួតខ្លាំងទឹកប្រៃអាចនឹងហូរចូលមកដល់អ្នកលឿង។ ការព្រួយបារម្ភរបស់សម្តេចបានកើតមានឡើង បន្ទាប់ពីដែនទឹកសាបនៅក្នុងប្រទេសវៀតណាម ត្រូវទឹកប្រៃហូរចូលចម្ងាយជាង ១០០គីឡូម៉ែត្រ។
សម្តេចតេជោ បានពន្យល់ថា បើទឹកទន្លេមេង្គកាន់តែរីងហួត នោះទឹកសមុទ្រជោឡើង ហើយនឹងហូរចូលក្នុងទឹកទន្លេមេគង្គ។
រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរលោក ប្រាក់ សុខុន បានថ្លែងអំណរគុណជ្រាលជ្រៅ ដល់ប្រទេសចិន បានជួយបង្ហូរទឹកចូលដងទន្លេមេគង្គជាបន្តបន្ទាប់ ដើម្បីសង្រ្គោះដល់គ្រោះរាំងស្ងួតរបស់ប្រទេសតាមដងទន្លេមេគង្គ៕