(ភ្នំពេញ)៖ គម្រោងសាងសង់រោងចក្រផលិតថាមពលអគ្គិសនី តាមប្រពន្ធ័សូឡា ពីពន្លឺព្រះអាទិត្យដែលមាន ការសហការរវាង វិនិយោគិនក្នុងស្រុក និងវិនិយោគិនមកពីប្រទេសហូឡង់ បានបោះទុនប្រមាណ ១២,៥លានដុល្លារ ដើម្បីសាងសង់ផ្ទាំងសូឡាដ៏ធំមួយ ផលិតថាមពលអគ្គិសនី ដែលមានកំលាំងរហូតដល់ ៥មេហ្កាវ៉ាត់ សម្រាប់ផ្គត់ផ្គង់ដល់បណ្ដារោងចក្រសហគ្រាស នៅក្នុងមូលដ្ឋាន នៃគម្រោងអភិវឌ្ឍន៍ តំបន់វិហារសួគ៌នៃ ខេត្តកណ្ដាល។
លោកឧកញ៉ា ស្រី ចន្ថន អគ្គនាយកក្រុមហ៊ុន Skyland បានឲ្យដឹងថា គម្រោងនេះនឹងចាប់ផ្ដើមផ្គត់ផ្គង់អគ្គិសនី ជូនបណ្ដារោងចក្រ សហគ្រាសធំៗ ដែលត្រូវកំពុងខ្វះខាតថាមពលអគ្គិសនី ប្រើប្រាស់ក្នុងសង្វាក់ ឧស្សាហកម្មរបស់ខ្លួន នៅរយៈពេល២ឆ្នាំ បន្ទាប់ពីចាប់ផ្ដើមសាងសង់។
លោកបន្ដថា «កត្តាដែលលោកសម្រេច វិនិយោគលើគម្រោងនេះ ដោយសារតែមើលឃើញថា ការអភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា កំពុងបោះជំហានយ៉ាងខ្លាំង នៅពេលបច្ចុប្បន្ននេះ ហើយបការអភិវឌ្ឍន៍នេះទៀតសោត ចាំបាច់ត្រូវការថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ជាប្រចាំ ។ ម្យ៉ាងវិញទៀត ថាមពលអគ្គិសនីផលិតពី ព្រះអាទិត្យនេះ វាជួយយ៉ាងច្រើន ដល់បរិស្ថានរបស់យើង»។
លោកបន្តថា នេះជាជំហានដំបូង ថាមពលអគ្គិសនី ពីគម្រោងនេះ នឹងមានកំលាំង៥មេហ្កាវ៉ាត់ ហើយនៅពេល បន្ទាប់ទៀត នឹងបន្ថែមកំលាំង៥មេហ្កាវ៉ាត់ទៀត ដើម្បីផ្គត់ផ្គង់ឲ្យបានទូលំទូលាយ ជូនពលរដ្ឋកម្ពុជានិងមាន តម្លៃកាន់តែទាប ។ តាមគម្រោងរបស់យើង នៅពេលទទួលបានថាមពលអគ្គិសនីហើយ តម្លៃរបស់វា នឹងទាបជាងតម្លៃអគ្គិសនីសព្វថ្ងៃ ប្រមាណ១០ ទៅ១៥% ដូចនេះវាចំណេញច្រើនដល់អ្នកវិនិយោគ សម្រាប់រោងចក្រសហគ្រាស ហើយវាក៏ជាការទាក់ទាញអ្នកវិនិយោគ មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើន។
លោកបន្ថែមថា កត្តាដែលក្រុមហ៊ុនសម្រេចជ្រើសរើសយកទីតាំង តំបន់អភិវឌ្ឍន៍វិហារសួគ៌សម្រាប់អភិវឌ្ឍន៍ គម្រោងនេះ ដោយសារតែ តំបន់នោះ ជាតំបន់អភិវឌ្ឍន៍ថ្មី ហើយមានក្រុមហ៊ុនជាច្រើន ក៏បានទៅសាងសង់ នៅទីនោះ បង្កើតជារោងចក្រ ។ ម្យ៉ាងវិញទៀត គម្រោងអភិវឌ្ឍន៍លំនៅឋាន SkyLand ក៏បានមានទីតាំង នៅទីនោះដែរ ដូចនេះតម្រូវការប្រើប្រាស់ថាមពលអគ្គិសនី គឺមានច្រើន ដូចនេះដើម្បីដោះស្រាយបញ្ហា អគ្គិសនី ជូនប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិន ដែលវិនិយោគនៅទីនោះ ទើបក្រុមហ៊ុនសម្រេចដាក់គម្រោង មួយនេះ នៅទីនោះតែម្ដង៕