Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជារៀបចំវេទិកាប្រកួតប្រជែងពានរង្វាន់វោហាស័ព្ទជាសាធារណៈ និងអ្នកតស៊ូមតិដ៏ឆ្នើមប្រចាំឆ្នាំ២០១៦

11-04-2016 22:55

(ភ្នំពេញ)៖ សភាយុវជនពាណិជ្ជកម្ម អន្ដរជាតិកម្ពុជា (JCI) បានរៀបចំវេទិកាប្រកួតប្រជែង រង្វាន់វោហាស័ព្ទ ជាសាធារណៈ និងអ្នកតស៊ូមតិឆ្នើមប្រចាំឆ្នាំ២០១៦ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៥ល្ងាច។

លោក ប៉ិច ប៉ូឡែន ប្រធាន JCI បានថ្លែងថា វេទិកានេះសំខាន់ណាស់ ព្រោះនេះជាឱកាសដ៏ល្អសម្រាប់យុវជន ឬសិស្សនិស្សិត បានបញ្ចេញនូវមតិយោបល់ នៃចំណេះដឹងរបស់ខ្លួនផ្ទាល់ ទទួលបានបទពិសោធន៍កាន់តែ ច្រើនបន្ថែមទៀត ពិសេសបង្ហាញភាពក្លាហាន ក៏ដូចជាសមត្ថភាពដល់មហាជនទាំង ក្នុងនិងក្រៅប្រទេស ដើម្បីចូលរួមចំណែកលើកមុខមាត់ ប្រទេសជាតិទៀតផង។

លោកបន្ដថា កម្មវិធីនេះ គឺយុវជនត្រូវមានសមត្ថភាពទាំងចំណេះដឹងទូទៅ និងភាសាអង់គ្លេសផងដែរ ហើយប្រធានទាំងឡាយក្នុងកម្មវិធីនេះ ផ្ដោតសំខាន់លើគោលដៅអភិវឌ្ឍសហវត្សរ៍ របស់អង្គការ សហប្រជាជាតិ ដែលចាប់ពីមូលបទកាត់បន្ថយភាពក្រីក្រធ្ងន់ធ្ងរ និងបញ្ឈប់ការរីកសាយនៃមេរោគអេដស៍។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ JCI បានរៀបចំវេទិកាប្រកួតប្រជែងរង្វាន់ វោហាស័ព្ទជាសាធារណៈ និងអ្នកតស៊ូមតិឆ្នើម ជាលើកទី៦ហើយ ដោយកាលពីឆ្នាំ២០១៥កន្លងទៅ យុវតី តារា រត្ន ដែលជាបេក្ខជនវេទិកាប្រកួតប្រជែង វោហាស័ព្ទជាសាធារណៈតំណាងកម្ពុជា បានទទួលបជ័យលាភីនៅក្នុង ការប្រកួតជាលក្ខណៈអន្ដរជាតិ នៅកាណាហ្សាវ៉ាក ប្រទេសជប៉ុន ដោយមានបេក្ខជនចូលរួមចំនួន៤តំបន់ គឺអឺរ៉ុប អាហ្វ្រិច អាមេរិក និងអាស៊ីប៉ាស៊ីហ្វិក៕