(ភ្នំពេញ)៖ ក្រោយមានការចុះផ្សាយរបស់អង្គភាព Fresh News កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦កន្លងទៅ លើអត្ថបទមួយមានចំណងជើងថា «ការដ្ឋានបូមខ្សាច់របស់ថៅកែ ឡុង ហ៊ាង ធ្វើអាជីវកម្មខុសទីតាំងធ្វើឲ្យអ្នកស្រុក ប្រតិកម្ម» រួចមក ក្រសួងរ៉ែ និងថាមពល បានចេញមកបំភ្លឺចំពោះ ដំណើរការលើអាជីវកម្មប្រភេទនេះក្នុងគោលបំណង ដើម្បីកុំឲ្យមានការភ័ស្តច្រឡំ។ តែសម្រាប់ម្ចាស់អាជីវកម្មឈ្មោះ ឡុង ហ៊ាង ដែលស្ថិតនៅឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាលនោះ គឺមិនមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មនោះទេ។
យោងតាមលិខិតរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ ដែល Fresh News ទើបទទួលបាន នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ បានបកស្រាយថា «យោងតាមការសិក្សារបស់ក្រុមបច្ចេកទេសបង្ហាញថា ច្រាំងទន្លេប៉ែកខាងលិច នៅតំបន់រកាកោងនេះ មានតំបន់មួយចំនួនរងនូវការបាក់ធ្លាក់ គឺដោយសារមានការគោករាក់ នៅប៉ែកខាងកើត ធ្វើឲ្យនីវ៉ូទឹកហូរត្រូវ ទៅបុកផ្ទុបនឹងច្រាំងទន្លេប៉ែកខាងលិច បណ្តាលឲ្យមានការបាក់ច្រាំងនៅកន្លែង ដែលរងមុខទឹកបុកខ្លាំង។ ក្រោយពីបានសិក្សា និងពិនិត្យលក្ខណៈបច្ចេកទេស យ៉ាងល្អិតល្អន់រួចមកដើម្បីកាត់បន្ថយ ការបាក់ច្រាំងទន្លេ និងស្ការគន្លងនាវាចរណ៍ផងដែរ ដោយធ្វើការបូមស្តារពំនូកខ្សាច់គោករាក់ចេញសម្រួលផ្លូវទឹកហូរ ឲ្យនៅចំកណ្តាលទន្លេ ជៀសវាងចរន្តទឹកហូរទៅបោកផ្ទុបមាត់ច្រាំងទន្លេម្ខាងៗ ហើយដែលការងារនេះក្រសួងបាន គ្រប់គ្រងយ៉ាងល្អិតល្អន់ ម៉ឺងម៉ាត់ ច្បាស់លាស់ និងជាប់ជាប្រចាំទៅលើលក្ខណៈបច្ចេកទេស ក្នុងការបូមស្តារ ទីតាំងបូម និងការដឹកជញ្ជូន របស់ក្រុមហ៊ុនដែលជាជ័យលាភី ទទួលបានអាជ្ញាប័ណ្ណរបស់ក្រសួងគឺពិតជាបានជួយ សម្រួលចរន្តទឹកហូរ និងមិនមានផលប៉ះពាល់ធ្វើឲ្យបាក់ច្រាំងទន្លេនោះទេ»។
បើតាមលិខិតរបស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងទៀតថា ថៅកែឈ្មោះ ឡុង ហ៊ាង គឺមិនមានអាជ្ញាប័ណ្ណធ្វើ អាជីវកម្ម នោះទេ ប្រសិនបើមានការបូមខ្សាច់ពិតមែន គឺខុសច្បាប់ ហើយក្រសួងនឹងចុះពិនិត្យ មើលដេប៉ូខ្សាច់នេះ ស្រាវជ្រាវរកម្ចាស់ និងបើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ដើម្បីចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់៕
សូមចុច «ប្រវត្តិរឿង»