(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបើកសម្ពោធដាក់ឱ្យដំណើរការផ្សារគំរូព្រំដែនកម្ពុជា ឬហៅផ្សារដារ ស្ថិតនៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាផ្សារគំរូព្រំដែនកម្ពុជាទី១ នៅជាប់មាត់ច្រកទ្វារព្រំដែនទ្វេភាគីដារ ជាប់នឹងព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម។

ផ្សារដារនេះត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ តែដោយសារបរិបទជំងឺកូវីដ១៩បានអូសបន្លាយរហូតថ្ងៃនេះ ទើបបើកដំណើរការឲ្យអាជីវករលក់ដូរជាធម្មតា។

ក្នុងឱកាសបើកដំណើរការ និងសំណេះសំណាលជាមួយអាជីវករ លោក ជាម ច័ន្ទសោភ័ណ ឲ្យដឹងថា ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ផុសចេញជារូបរាងនេះ ក្រោមគំនិតដ៏វៃឆ្លាតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខកម្ពុជា ដោយផ្តល់នូវសក្ដានុពលខ្ពស់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលសម្រាប់ប្រជាជននៅតាមព្រំដែន និងដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ក៏ដូចជានឹងក្លាយជាផ្សារគំរូមួយក្នុងការដោះដូរទំនិញខេត្តដែលជាប់ព្រំដែនប្រទេសជិតខាង។

លោកអភិបាលខេត្តបញ្ជាក់ថា ដោយសារការរីករាលឆ្លងជំងឺកូវីដ១៩ ទើបធ្វើឲ្យដំណើរការផ្សារមានការអូសបន្លាយ ប៉ុន្តែរហូតមកដល់ពេលនេះស្ថានភាពមានការធូរស្រាល ពិសេសក្រោយការប្រកាសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០១ វិច្ឆិកា ២០២១ កន្លងទៅ ស្តីពីការបើកប្រទេសឡើងវិញលើគ្រប់វិស័យ ទើបរដ្ឋបាលខេត្តសម្រេចដាក់ឲ្យផ្សារនេះមានដំណើរការលក់ដូរ។

ដើម្បីជួយពន្លឺនការលក់ដូរក្នុងផ្សារ ក៏ដូចជាជួយសម្រួលដល់អាជីវករ លោក ជាម ច័ន្ទសោភ័ណ បានសម្រេចអនុញ្ញាតឲ្យអាជីវករប្រកបអាជីវកម្មដោយមិនគិតថ្លៃឈ្នួលរយៈពេល២ឆ្នាំ គិតពីថ្ងៃដំណើរការផ្សារ បន្ថែមពីនេះរដ្ឋបាលខេត្តទទួលបន្ទុកចំណាយលើភ្លើងបំភ្លឺសាធារណៈ និងការថែទាំផ្សេងៗ។

សូមជម្រាបថា ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) សាងសង់ក្នុងទុនទឹកប្រាក់ប្រមាណ២លានដុល្លារ លើផ្ទៃដី១៩,៦២៨ម៉ែត្រក្រឡា ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសថារី នៃស្រុកមេមត់ ដោយរួមមានការសាងសង់អគារតួផ្សារ អគាររដ្ឋបាលផ្សារ បង្គន់សាធារណៈ ឃ្លាំងស្តុកទំនិញ សួនច្បារ និងទីតាំងចំណតយានយន្ត។ ផ្សារគំរូនេះដែរមានតូបសរុបចំនួន៦៨តូប រួមមាន តូបប្រភេទ A ២៤តូប ប្រភេទ B ២៤តូប ប្រភេទ C ១៦តូប និងប្រភេទ D ៤តូប៕