(បន្ទាយមានជ័យ)៖ អាវរងារចំនួន៣៤៧ឈុត ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលសម្ដេចទាំងទ្វេបានផ្ដល់មកតាមរយៈឧត្ដមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ក្នុងនាមតំណាងឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។

ការចែកអាវរងារទាំង៣៤៧ឈុតនេះ ធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាថ្ងៃថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ ក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានឲ្យដឹថា ឱ្យតែដល់ខែរងារម្តងៗ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ដល់កម្លាំងទ័ព ពិសេសកម្លាំងអាវុធហត្ថនៅតាមជាយដែន សម្តេចទាំងទ្វេបានឲ្យក្រុមការងាររៀបចំប្រគល់អាវរងាជូនដល់កម្លាំងអាវុធហត្ថទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីយកទៅប្រើប្រាស់ដណ្តប់កាយនារដូវរងារនេះ ក្នុងភារកិច្ចការពារបូរណភាពទឹកដីកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន និងកងរាជអាវុធហត្ថទាំងអស់បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ពិសេសក្រសួងការពារជាតិ ដែលតែងតែគិតគូរពីការរស់នៅរបស់កងកម្លាំងឈរជើងនៅតាមព្រំដែនគ្រប់ពេលវេលា ដែលជានិច្ចកាលរដូវរងារឧបត្ថម្ភអាវរងា នៅរដូវវស្សាឧបត្ថម្ភអាវភ្លៀង និងថវិកា ឬសម្ភារៈផ្សេងៗទៀត ដោយអំណោយទាំងនេះបានបញ្ជូនដល់ដៃកងកម្លាំងអាវុធហតកងរាជអាវុធហ្ថទូទាំងខេត្តអស់គ្នាហើយ៕