(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងនាមជាស្ថាប័នមានសមត្ថកិច្ចដែលទទួល និងផ្តល់លិខិតអនុញ្ញាតថតភាពយន្តបរទេស នៅក្នុងប្រទេសកម្ពុជា មានមោទនភាពចំពោះការសហការ និងផ្តល់កិច្ចសម្របសម្រួល ដល់ការរៀបចំថត និងថតខ្សែភាពយន្ត រឿង The First They Killed My Father របស់លោកស្រី Angelina Jolie Pitt ដែលជាអ្នកដឹកនាំរឿង និងជាតារាភាពយន្តហូលីវូដដ៏ល្បីល្បាញ។
តាមរយៈលិខិតមួយច្បាប់របស់លោកស្រី Angelina Jolie Pitt ដែលផ្ញើជូនលោក សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបានថ្លែងអំណគុណចំពោះការចូលរួមគាំទ្រ និងជួយជ្រោមជ្រែងទាំងឡាយ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដល់ដំណើរការរៀបចំថត និងការថតខ្សែភាពយន្តនេះ។
ជាមួយគ្នានេះ លោកស្រីក៏បាន បង្ហាញនូវភាពភ្ញាក់ផ្អើលពីកម្រិតចំណេះជំនាញវីជ្ជាជីវៈរបស់តារាសម្តែង ក្រុមការងារបច្ចេកទេស និងបុគ្គលិកកម្ពុជាទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងមានការតាំងចិត្តខ្ពស់ ក្នុងការរួមចំណែកឲ្យដំណើរការរៀបចំថត និងការថតខ្សែភាពយន្តរឿង The First They Killed My Father នេះ បានថតចប់ប្រកបដោយជោគជ័យ។
លោកស្រីបានសន្យាថា នឹងត្រឡប់មកកាន់កម្ពុជាជាថ្មីម្តងទៀត ដោយនាំមកនូវគម្រោងថតភាពយន្តថ្មីៗនាពេលអនាគត។ ករណីនេះបានសបញ្ជាក់ឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងវប្បធម៌ក្នុងការទាក់ទាញផលិតករ ភាពយន្តបរទស ឲ្យមកថតភាពយន្តនៅកម្ពុជាកាន់តែច្រើនឡើង រួមចំណែកផ្សព្វផ្សាយពីសក្តានុពល នៃសម្បត្តិវប្បធម៌របស់ជាតិយើងទៅកាន់ពិភពលោក៕