(ព្រះវិហារ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងថា គ្រប់សាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា គឺបានកើតឡើងព្រមគ្នាក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរំដោះរបស់គណបក្សប្រជាជនកម្ពុជា។

ថ្លែងបែបនេះគឺនៅក្នុងពិធីវេប្រគេនអង្គកឋិនទាននៅវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល ស្ថិតក្នុងភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលខ្មែរក្រហមកាន់កាប់អំណាច ពួកគេបានបំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ក្នុងនោះលុយក៏គ្មាន ទីផ្សារក៏គ្មាន សាលារៀនក៏គ្មាន ចំណែកវត្តអារាមក្លាយជាមន្ទីរឃុំឃាំង ឬក៏ជាឃ្លាំង និយាយរួម គឺគ្មានអ្វីទាំងអស់។ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧ មករា ដែលគណបក្សប្រជាជនកម្ពុជាបានដឹកនាំរំដោះប្រទេសជាតិមក អ្វីៗបានរស់ឡើងវិញ ចាត់ទុកជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា ក្នុងនោះគឺសាសនាបានរស់ឡើងវិញផងដែរ។

លោកទេសរដ្ឋមន្ត្រីបានថ្លែងទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធ្វើឲ្យសង្គមជាតិកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ទទួលបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍគ្រប់វិស័យ ក្នុងនោះព្រះពុទ្ធសាសនាក៏មានការរីកចម្រើនដែរ ហើយវិស័យពុទ្ធចក្រ និងអាណាចក្រសព្វថ្ងៃនេះ គឺបានដើរទន្ទឹមគ្នា។

លោកទេសរដ្ឋមន្ត្រីបានថ្លែងទៀតថា កឋិនទានដែលប្រារព្វធ្វើនៅថ្ងៃនេះ គឺស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ដែលធ្វើឱ្យប្រជាពុទ្ធបរិស័ទមិនអាចប្រារព្ធពិធីដូចមុន ដូចជាមិនបានធ្វើចប់ចុងចប់ដើមពេញលេញទេ គ្រាន់តែមានការប្រគេន វេរទេយ្យទាន វេរបច្ច័យ ហើយម្យាងទៀតកម្រិតនៃការចូលរួមក៏មានការថយចុះដែរ។

សូមបញ្ជាក់ថា បច្ច័យសរុបសម្រាប់វេរអង្គកឋិនទាននៅពេលនេះ មានចំនួន៣៥,៣០០,០០០រៀល អង្ករ២០០គីឡូក្រាម អំបិល១០០ក្រាម មី៥កេស ទឹកសុទ្ធ១០កេស ទឹកក្រូច៥កេស សម្ភារកឋិន១ឈុត ព្រមទាំងប្រគេនបច្ច័យដល់ព្រះសង្ឃ យាយជី តាជី ដែលបានចូលរួមផងដែរ៕