(ភ្នំពេញ)៖ ជនជាតិកាណាដាម្នាក់ ដែលរត់ពន្ធគ្រឿងញៀនជាង១៦៧គីឡូចូលមកកម្ពុជា និងមានអាវុធជាប់ខ្លួន ត្រូវបានតុលាការ ចោទប្រកាន់ចំនួន២បទល្មើស គឺបទរក្សាទុក និងដឹកជញ្ជូន ដោយខុសច្បាប់នូវសារធាតុញៀន និងបទ កាន់កាប់ ប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាម លោក ប្លង់ សុផល អ្នកនាំពាក្យរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនជាតិកាណាដារូបនេះមានឈ្មោះ FU YONG QING ភេទប្រុស ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូូងរាជធាភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ រូបគេ ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបានបើកប្រតិបត្តិការបង្រ្កាប និងស្រាវជ្រាវចាប់ពីថ្ងៃទី ២៧ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១) ដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ិន សុង និងវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងវរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ (ក១) ចូលរួមសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបឧក្រិដ្ឋជនរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន នៅ៣គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១-នៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ គោលដៅទី២-ចំណុចបន្ទប់លេខ ៤១២១ ខុនដូជិតកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងគោលដៅទី៣-នៅបន្ទប់ 13AD និង 13AE ខុនដូរ នៅផ្លូវលេខ៣០២ សង្កាត់បឹងកេងកង។

ចំពោះលទ្ធផលនៃការបង្ក្រាបនេះ សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ FU YONG QING ភេទប្រុស សញ្ជាតិកាណាដា និងដកហូត ថ្នាំអ៊ិចស្តាស៊ីគ្រាប់ (MDMA) ពណ៌ផ្កាឈូក ៨៥ ៩២២គ្រាប់ ស្មើទម្ងន់ជាង ២៨គីឡូក្រាម, ថ្នាំអ៊ិចស្តាស៊ីគ្រាប់ (MDMA) ពណ៌ប្រផេះ ១៥៤,៤៧៤គ្រាប់ ស្មើទម្ងន់ជាង៦០គីឡូក្រាម, អ៊ិចស្តាស៊ីម្សៅ (MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ជាង៥០គីឡូក្រាម, អ៊ិចស្តាស៊ីក្រាម (MDMA) ទម្ងន់ជាង២៤គីឡូក្រាម, នីមេតាហ្សេប៉ាម (Nimetazepam) ៩,៧៥០គ្រាប់ ស្មើទម្ងន់ជិត២គីឡូក្រាម, មេតំហ្វេតាមីន (ICE) ទម្ងន់៩៨.៩៧ក្រាម, កេតាមីន (Ketamine) ទម្ងន់ ២.៣២ក្រាម រួមទាំងចាប់យកសម្ភារៈ អាវុធខ្លី១ដើម (គ្រាប់ ៦) ជញ្ជីង១គ្រឿង រថយន្ត១គ្រឿង និងមានសម្ភារ:មួយចំនួនទៀត។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៕