(កំពង់ចាម)៖ ករណីទំនាស់បិទផ្លូវសាធារណៈមួយខ្សែនៅភូមិព្រែកចង្ក្រាន ឃុំល្វេ ស្រុកកោះសុទិន ដែលកើតឡើងយូរឆ្នាំមកហើយនោះ ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ ក្រោមកិច្ចអន្តរាគមន៍របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត។

ការងារនេះធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបញ្ហានេះបានកើតឡើងយូរមកហើយដែរ។

លោកអភិបាលខេត្តបានស្នើសុំឲ្យគូភាគីទាំងសងខាងយោគយល់គ្នា ឈានទៅរកការបញ្ចប់ទំនាស់ទាំងស្រុង ហើយអាជ្ញាធរខេត្តនឹងចូលរួមរៀបចំបើកផ្លូវនេះសម្រាប់ជាប្រយោជន៍ដល់គូភាគី រួមទាំងប្រជាពលរដ្ឋក្នុងភូមិទាំងមូលអាចធ្វើដំណើរឆ្លងកាត់ ដឹកផលិតផលកសិផល ដោយតភ្ជាប់ទៅនឹងផ្លូវមួយចំនួនទៀតចូលទៅចម្ការរបស់ពួកគាត់។

ជាមួយគ្នានោះ គូភាគីទំនាស់ក៏បានយល់ព្រមឯកភាពគ្នាតាមការសម្របសម្រួលរបស់លោកអភិបាលខេត្ត ហើយលោកអភិបាលខេត្តក៏បានចាត់ឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញចុះទៅទីតាំងដីដើម្បីពិនិត្យជាក់ស្តែង និងធ្វើកិច្ចសន្យាព្រមព្រៀងគ្នានៅថ្ងៃទី១៦ ខែវិច្ឆិកានេះ ដើម្បីបើកផ្លូវទទឹងយ៉ាងតិច៣ម៉ែត្រសម្រាប់ជាផ្លូវសាធារណៈ ទុកឱ្យប្រជាពលរដ្ឋប្រើប្រាស់បានទាំងអស់គ្នា។

ទន្ទឹមគ្នានោះ លោកអភិបាលខេត្តបានផ្ដាំផ្ញើឲ្យគូភាគីទំនាស់ដែលជាញាតិសន្ដាននឹងគ្នា ត្រូវចេះស្រលាញ់រាប់អានគ្នាឡើងវិញ រស់នៅភូមិផងរបងជាមួយគ្នាតរៀងទៅ៕