(ស្វាយរៀង)៖ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញនោះ អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានប្រកាសគាំទ្រលើកទឹកចិត្តដល់វិស័យឯកជនទាំងក្នុងខេត្ត និងក្រៅខេត្តឱ្យមកវិនិយោគឱ្យបានច្រើននៅខេត្តស្វាយរៀង ខណៈរដ្ឋបាលខេត្តមានការលើកទឹកចិត្តខ្ពស់ចំពោះអ្នកវិនិយោគ ពិសេសក្នុងវិស័យអចលនទ្រព្យដីធ្លីជាដើម។

ការប្រកាសយ៉ាងដូច្នេះធ្វើឡើងនាឱកាសលោក ម៉ែន វិបុល ចូលរួមសម្ពោធបើកការដ្ឋានសាងសង់គម្រោងផ្ទះអាជីវកម្មលំនៅដ្ឋានសុវណ្ណមច្ឆា ស្ថិតនៅក្នុងភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកបានថ្លែងថា «ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាឱកាសសម្រាប់អ្នកវិនិយោគទុនទាំងអស់មកបណ្តាក់ទុនរកស៊ីនៅខេត្តស្វាយរៀង ហើយខេត្តស្វាយរៀងក៏មានទីតាំងដីអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគផងដែរ»

លោកអភិបាលខេត្ត ម៉ែន វិបុល តែងតែជំរុញ និងសហការក្នុងការផ្តល់ទំនុកចិត្តចំពោះការអភិវឌ្ឍ ដោយលោកបានសុទិដ្ឋិនិយមថារាល់ការវិនិយោគវិស័យឯកជន ពិតជាបានរួមចំណែកនូវគោលនយោបាយកាត់បន្ថយភាពក្រីក្រីជាមួយរាជរដ្ឋាភិបាលបានមួយកម្រិត ដូចជា បានផ្តល់នូវលំនៅឋានមានតម្លៃសមរម្យ ដីលំនៅឋានសមរម្យ ជាពិសេសបានផ្តល់ការងារដល់ប្រជាពលរដ្ឋផងដែរ។

មន្ត្រីសាលាខេត្តស្វាយរៀងបានបញ្ជាក់ថា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងសហការគ្នាក្នុងការរៀបចំគោលនយោបាយលើកទឹកចិត្តដល់វិស័យឯកជន ដែលបានវិនិយោគលំនៅដ្ឋានដែលមានតម្លៃទាប និងតម្លៃមធ្យម ទាំងនេះជាការគិតគូរដ៏ធំធេងចំពោះជីវភាពរស់នៅរបស់ពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យសេដ្ឋកិច្ចក្នុងខេត្តស្វាយរៀងមួយនេះមានការរីកចម្រើនយ៉ាងលឿន ដែលធ្វើឱ្យកំណើនប្រជាជនកើនឡើងយ៉ាងឆាប់រហ័សដែលមានទាំងចំណូលថ្មី និងការធ្វើចំណាកស្រុកមានអត្រាថយចុះគួរឱ្យកត់សម្គាល់។

ជាក់ស្ដែងការបើកការដ្ឋានសាងសង់គម្រោងផ្ទះអាជីវកម្មលំនៅដ្ឋានសុវណ្ណមច្ឆានាថ្ងៃនេះ ក៏ជាការគាំទ្រ ជំរុញ លើកទឹកចិត្តរបស់លោកអភិបាល ម៉ែន វិបុល ផងដែរ។

លោក ណេប សាវី ម្ចាស់គម្រោងផ្ទះអាជីវកម្មសុវណ្ណមច្ឆា បានឱ្យដឹងថា ទិសដៅវិនិយោគរបស់ក្រុមហ៊ុន គឺផ្ដល់ជូនមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនអាជីវករ ប្រជាជនក្នុងខេត្តនូវលំនៅឋានបែបជីវកម្មដែលមានតម្លៃសមរម្យ ព្រមទាំងផ្ដល់ការរស់បែបសហគមន៍សម័យថ្មី លើកកម្ពស់សោភ័ណភាពខេត្ត ផ្ដល់ឱកាសចំណេញលើសក្តានុពលនៃគម្រោង និងចូលរួមអភិវឌ្ឍន៍ខេត្តស្វាយរៀង។

លោកបានបន្ថែមថា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានសុវណ្ណមច្ឆា មានផ្ទៃដី២ហិកតា ស្មើនឹងផ្ទះ១៤៩ល្វែង មានទាំងផ្ទះបែបអាជីវកម្មនិងផ្ទះលំនៅដ្ឋាន ហើយសម្រាប់ស្រុកស្វាយជ្រំមានតែគម្រោងនេះមួយទេដែលវិនិយោគទៅលើលំនៅដ្ឋាន ដើម្បីរួមចំណែកការងារអភិវឌ្ឍន៍របស់ស្រុកដែលមានផ្ទះល្វែងបែបស៉ីវិល័យផងដែរ៕