(កំពង់ឆ្នាំង)៖ ទំនាស់បិទផ្លូវយូរឆ្នាំមួយរវាងប្រជាពលរដ្ឋដែលជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ត្រូវបានដោះស្រាយបញ្ចប់ដោយសន្តិវិធី ក្រោមការជួយដោះស្រាយពីក្រុមការងារដោះស្រាយទំនាស់ និងសំណូមពររបស់ប្រជាពលរដ្ឋ នៃរដ្ឋបាលខេត្តកំពង់ឆ្នាំ។

ការដោះស្រាយទំនាស់នេះ គឺមានការចូលរួមពីលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារក្រុមការងារដោះស្រាយទំនាស់ និងសំណូមពររបស់ប្រជាពលរដ្ឋ នៃរដ្ឋបាលខេត្តកំពង់ឆ្នាំ លោក គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ម៉ម ឈឿម អនុប្រធានក្រុមការងារ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ការចុះដោះស្រាយខាងលើនេះ គឺបញ្ចប់ដោយការស្នើសុំភាគីម្ខាងបើកផ្លូវជូនភាគីម្ខាងទៀតដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ពីព្រោះទំនាស់បិទផ្លូវនេះបានកើតឡើងជាយូរឆ្នាំមកហើយ។ បន្ទាប់ពីធ្វើការសម្របសម្រួលជាមួយភាគីទាំងពីររួចមក ទំនាស់ខាងលើនេះត្រូវបានដោះស្រាយបញ្ចប់ប្រកបជោគជ័យ និងដោយការយោគយល់អធ្យាស្រ័យគ្នា និងបានស្រឡាញ់រាប់អានជាបងប្អូននឹងគ្នាឡើងវិញប្រកបដោយក្តីរីករាយ។

លោកស្រី ប៊ន សុភី បានបញ្ជាក់ឱ្យដឹងថា នេះគឺជាជោគជ័យថ្មីមួយទៀតសម្រាប់ក្រុមការងារ ដែលបានដោះស្រាយសម្របសម្រួលបញ្ចប់ទំនាស់ ដែលបានកើតឡើងជាយូរឆ្នាំណាស់មកហើយរវាងបងប្អូនជីដូនមួយនឹងគ្នាស្ថិតក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយភាគីទី១ ឈ្មោះ លោក ឯម សុក ជាម្ចាស់ដី បានយល់ព្រមសម្បទានដី ទទឹង២ម៉ែត្រ ទុកធ្វើផ្លូវសម្រាប់ដើរទាំងអស់គ្នា។

លោកស្រីបានឱ្យដឹងទៀតថា ក្រុមការងារចុះដោះស្រាយទំនាស់ ដែលបានចុះសម្រសម្រួលករណីវិវាទនាពេលនេះ គឺបានអនុវត្តនូវយន្តការមួយដោយផ្អែកលើគោលការណ៍ច្បាប់ជាធំ ហើយការសម្របសម្រួលដោយពុំមានអ្នកឈ្នះ និងអ្នកចាញ់ និងទទួលយកបានទាំងអស់គ្នា មិនចាំបាច់ប្តឹងផ្ដល់គ្នាទៅតុលាការដែលនាំឲ្យខាតពេលវេលា។

ក្រុមគ្រួសារទាំងពីរបានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ប៊ន សុភី និងក្រុមការងារចុះដោះស្រាយទំនាស់ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យគ្រួសាររបស់ពួកគាត់ចេះមានការយោគយល់អធ្យាស្រ័យគ្នា និងរាប់អានគ្នាជាបងប្អូនឡើងវិញ៕