(បន្ទាយមានជ័យ)៖ យុវជនចំនួន៧នាក់ ដែលជាជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន នឹងត្រូវបញ្ជូនទៅអនុវត្តទោសតាមនីតិវិធីច្បាប់នៅសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីត្រូវរងការបង្ក្រាបពីសំណាក់កម្លាំនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដោយសមត្ថកិច្ចថែមទាំងដកហូរបានថ្នាំញៀន កាំបិតសម្រាប់ធ្វើឃាតមនុស្ស និងវត្ថុតាងផ្សេងទៀតជាច្រើន។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានថ្លែងប្រាប់ឱ្យដឹងថា ការបង្ក្រាបករណីបទល្មើសគ្រឿងញៀននេះធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

បន្ទាប់ពីមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ ក៏បានដឹកកម្លាំងនគរបាលស្រុកមង្គលបូរី ល្បាតតាមចាប់ជនសង្ស័យចំនួន៥នាក់ ក្នុងនោះមានអ្នកលក់ថ្នាំញៀន១នាក់ ឈ្មោះ ទុំ សុភក្រ្ត អាយុ៣៥ឆ្នាំ នៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី និងដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀន (ម៉ាទឹកកក) ចំនួន៤ថង់តូច កាំបិត៧ដើម ទូរស័ព្ទដៃចំនួន៣គ្រឿង ចំណែកជនសង្ស័យ៤នាក់ទៀតជាអ្នកជក់។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ បានបញ្ជាក់ទៀតថា បន្ទាប់ធ្វើការសួរនាំឈ្មោះ ទុំ សុភក្រ្ត រួចមក កម្លាំងនគរបាលស្រុកបានបន្តឃាត់ខ្លួនអ្នកលក់ថ្នាំញៀនបានចំនួន២នាក់ទៀត មានឈ្មោះ ទួន ចាន់ទីន អាយុ៣៦ឆ្នាំ នៅភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី និងឈ្មោះពៅ សីហា ហៅ គីរី អាយុ២៤ឆ្នាំ នៅភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ក្នុងនោះដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀន (ម៉ាទឹកកក) ចំនួន១២កូនថង់ ថ្នាំគ្រាប់ពណ៌ក្រហម WY លើគ្រាប់ថ្នាំម្ខាងចំនួន៤៨គ្រាប់ កូនថង់ប្លាស្ទិកសម្រាប់ច្រកថ្នាំញៀនមួយចំនួន ឧបករណ៍សម្រាប់ច្រកថ្នាំញៀន១ ទូរស័ព្ទដៃចំនួន២គ្រឿង ក្នុងនោះក៏មានកាំបិតចម្រុះសម្រាប់ធ្វើឃាតមនុស្សមានចំនួន៨ដើម។

អធិការនគរបាលស្រុកមង្គលបូរីរូបនេះបានបញ្ជាក់ថា ក្រោយពីធ្វើកំណត់ហេតុហើយ កម្លាំងនគរបាលជំនាញគ្រឿងញៀនបានបញ្ជូនយុវជនជាជនសង្ស័យទាំង៧នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីដាក់ទោសទៅតាមច្បាប់៕