(រតនគិរី)៖ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំដល់នាយប៉ុស្តិ៍រដ្ឋបាល មេឃុំ-ចៅសង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ឲ្យកាន់ការងារអតីតយុទ្ធជន ដើម្បីក្តាប់ស្ថានភាពជីវភាពរស់នៅរបស់ពួកគាត់ឲ្យបានច្បាស់លាស់។

ការណែនាំបែបនេះធ្វើឡើងនាឱកាសលោកទេសរដ្ឋមន្ត្រីក្នុងមានតំណាងសម្តេចតេជោ ហ៊ុន សែន ចូលរួមប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជាខេត្តរតនគិរី គឺលោក ញ៉ែម សំអឿន ជំនួសលោក ថង សាវុន ត្រូវបានផ្ទេរទៅខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០២១ នៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ខេត្តរតនគិរី។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងយ៉ាងដូច្នេះថា «មេប៉ុស្តិ៍រដ្ឋបាល មេឃុំ ចៅសង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ឲ្យកាន់ការងារអតីតយុទ្ធជន និងក្តាប់ស្ថានភាពជីវភាពរស់នៅរបស់អតីយុទ្ធជនឲ្យបានច្បាស់លាស់ ដើម្បីធានាថាអតីតយុទ្ធជនទទួលបាននូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាល»

លោកបានបញ្ជាក់ថា ការយកចិត្តទុកដាក់បែបនេះ គឺដើម្បីជាការឆ្លើយតបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបានរបស់អតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនប្រទេសជាតិមាតុភូមិ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះសមាជិកអតីតយុទ្ធជនទាំងអស់ ដែលសម្ដេចទាំងទ្វេមិនដែលភ្លេច ឬបោះបង់ចោលអតីតយុទ្ធជនទេ ហើយសម្តេចនឹកឃើញជានិច្ចចំពោះអតីកាលដែលធ្លាប់រួមអាវុធជាមួយគ្នា ព្រោះសម្តេចក៏ជាជនពិការដោយសារសង្គ្រាមម្នាក់ផងដែរ។

ដើម្បីដឹងគុណបំណាច់របស់អតីតយុទ្ធជន លោកទេសរដ្ឋមន្រ្តី គន់ គីម បាននាំយកនូវអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនអតីតយុទ្ធជនចំនួន៤២នាក់ មកពីស្រុក-ក្រុងទាំង៩នៃខេត្តរតនគិរី ក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀល៕