(ភ្នំពេញ)៖ មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្លែងថា ពិព័រណ៌សិល្បៈជាច្រើនប្រភេទ នឹងត្រូវបង្ហាញជូនសាធារណជន ឱ្យទស្សនាដោយឥតគិតថ្លៃ នៅសារមន្ទីរជាតិ រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ការតាំងពិព័រណ៌សិល្បៈនេះ គឺជាព្រឹត្តិការណ៍មួយ ក្នុងមហោស្រពវប្បធម៌អាស៉ីអឺរ៉ុប ដែលជាព្រឹត្តិការណ៍អមផ្លូវការ នៃកិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុប លើកទី១៣ (ASEM13) ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។

លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ពិព័រណ៌សិល្បៈជាច្រើនប្រភេទនោះ រួមមាន៖

* ផ្ទាំងគំនូរ ១០ផ្ទាំង
* ចម្លាក់ ចំនួន៣
* រូបថតខ្ទង់ ៥០ផ្ទាំង
* Installation ចំនួន៣
* គ្រឿងអលង្ការ ១២ឈុត។

លោកបានបញ្ជាក់ថា៖ «ជាគោលការណ៍ នៅពេលភ្ញៀវប្រាប់ថា គាត់ចូលមកទស្សនាពិព័រណ៌នេះ យើងមិនតម្រូវឲ្យគាត់បង់ប្រាក់នោះទេ»

រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ASEM13 នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ហើយក្នុងឱកាសនោះ ក្រសួងវប្បធម៌ សហការជាមួយសហភាពអឺរ៉ុប (EU) និងមូលនិធិអាស៉ីអឺរ៉ុប (ASEF) នឹងរៀបចំមហោស្រពវប្បធម៌អាស៉ីអឺរ៉ុប ដែលជាព្រឹត្តិការណ៍អមផ្សេងៗទៀតនៃ ASEM13 ដោយបង្ហាញពីភាពចម្រុះនៃវប្បធម៌ និងការផ្លាស់ប្តូរសិល្បៈរវាងអាស៉ី និងអឺរ៉ុប។

ព្រឹត្តិការណ៍បើកមហោស្រពជាផ្លូវការ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នឹងមានបង្ហាញនូវសិល្បៈទស្សនីយភាពពិសេសមួយ ដែលមានចំណងជើងថា «កម្ពុជាលម្អដោយវប្បធម៌ចម្រុះ» ដែលមានការសម្តែងរបាំបុរាណ ប្រជាប្រិយ និងសហសម័យ ដែលសម្តែងដោយសិល្បៈករខ្មែរ និងសិល្បករនៃបណ្តាប្រទេសដៃគូ ASEM ផងដែរ។ ការសម្តែងនេះ រួមមាន របាំជូនពរសម្រាប់ស្វាគមន៍ភ្ញៀវ, របាំប្រជាប្រិយ បង្ហាញពីពិធីគោរពសែនព្រនអ្នកតានៅពេលដាំស្រូវ និងការច្រូតកាត់, របាំបុកលក្ខ ជារបាំបង្ហាញពីក្តីស្រឡាញ់ រីឯរបាំស្រូវ ជារបាំសហសម័យខ្មែរ ដែលបង្ហាញពីថាមពល ស្វាហាប់ និងភាពវិជ្ជមានរបស់យុវជនកម្ពុជា។

មហោស្រពវប្បធម៌អាស៉ីអឺរ៉ុប ឆ្នាំ២០២១ មានចំណងជើងថា «អាស៉ី និងអឺរ៉ុប៖ ចំណងវប្បធម៌» ដែលជាមហោស្រពសិល្បៈចម្រុះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធអនឡាញ។ នៅឆ្នាំនេះ ព្រឹត្តិការណ៍ជាង៣០ ដែលមានសិល្បករអាស៉ី និងអឺរ៉ុប ជាង ១០០នាក់ នឹងបង្ហាញអំពីភាពចម្រុះ នៃវប្បធម៌ដ៏សម្បូរបែប និងការសហការប្រកបដោយភាពច្នៃប្រឌិតដ៏អស្ចារ្យពីអាស៉ី និងអឺរ៉ុប តាមរយៈការសម្តែងល្ខោន របាំ តន្រ្តី ការតាំងពិព័រណ៌ និងវេទិកាជជែកពិភាក្សា។

ក្នុងរយៈពេល ៥ថ្ងៃ នៃមហោស្រព ព្រឹត្តិការណ៍សិល្បៈតំណាងឲ្យដៃគូអាស៉ីអឺរ៉ុប ជាង២០ រួមមាន ការសម្តែងរបាំ និងល្ខោន ការប្រគុំតន្ត្រី សិល្បៈសូនរូប ការតាំងពិព័រណ៌ និងវេទិកាពិភាក្សាជាមួយសិល្បករ នឹងត្រូវបានបង្ហាញជាផ្លូវការលើគេហទំព័រ www.ASEMculturalfestival.com ។ កម្មវិធីផ្ទាល់នៅនឹងកន្លែង នៃមហោស្រពនេះ រួមមាន៖ ការតាំងពិព័រណ៌សិល្បៈ ដែលរៀបចំនៅសារមន្ទីរជាតិ និងការបញ្ចាំងខ្សែភាពយន្តចំនួន៤ នៅរោងភាពយន្ត Major Cineplex រាជធានីភ្នំពេញ។

សូមជម្រាបថា ASEM13 គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលទទួលបាននូវមហាកិត្តិយស និងមោទកភាព ក្នុងការរៀបចំជំនួបកំពូលកម្រិតពិភពលោកមួយ ដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ចំនួន ៥១ប្រទេស មកពីទ្វីបទាំងពីរ ប្រធានសហគមន៍អឺរ៉ុប និងប្រធានក្រុមប្រឹក្សាអឺរ៉ុប បូកទាំងអគ្គលេខាធិការអាស៊ាន។ ប្រទេសជាសមាជិក ASEM គឺតំណាងឱ្យ ៦៥ភាគរយ នៃចំនួនសេដ្ឋកិច្ចពិភពលោក, ៦០ភាគរយ នៃចំនួនប្រជាជនពិភពលោកទាំងមូល, ចំនួន៥៥ភាគរយ នៃចំនួនពាណិជ្ជកម្ម និង៧០ នៃចំនួនទេសចរណ៍នៃពិភពលោកទាំងអស់៕