Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការបញ្ជូន លោក អ៊ុំ សំអាន ត្រឡប់ទៅក្រសួងមហាផ្ទៃវិញ បន្ទាប់សាកសួរជាង៣ម៉ោង, ព្រឹកស្អែកបន្តការសាកសួរទៀត

11-04-2016 19:44

(ភ្នំពេញ)៖ រហូតដល់ម៉ោង ៧៖៣០នាទីល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូន លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃវិញហើយ បន្ទាប់ពីសាកសួរអស់រយៈពេលជាង ៣ម៉ោង ហើយនឹងបញ្ជូនមកកាន់តុលាការសាជាថ្មី នៅព្រឹកថ្ងៃស្អែកបន្តទៀត។

លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីម្សិលមិញ បន្ទាប់ពីលោកត្រឡប់ពីអាមេរិក មកដល់ប្រទេសកម្ពុជា។ លោកត្រូវបានចាប់ខ្លួននៅម្តុំផ្សារកណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេលលោកចុះដកលុយនៅទូរ ATM របស់ធនាគារ។ សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយដូចករណី លោក ហុង សុខហួរ ដែរ។

បន្ទាប់ពីចាប់ខ្លួន លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាកសួរជាមុន នៅនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនរបស់ក្រសួងមហាផ្ទៃ ហើយបន្ទាប់មកទើបញ្ជូនទៅតុលាការ៕