(សៀមរាប)៖ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នករត់រ៉ឺម៉កដឹកភ្ញៀវទេសចរនៅខេត្តសៀមរាប បានសាទរចំពោះការបើកទេសចរណ៍ឡើងវិញ ក្រោយពីវិស័យនេះបានគាំងដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជិត២ឆ្នាំមកនេះ។ ការណ៍នេះ ក៏បានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់អ្នកអាស្រ័យផលទៅលើវិស័យនេះ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាបតែម្តង ព្រោះពលរដ្ឋនៅសៀមរាបភាគច្រើន ពឹងផ្អែកលើវិស័យទេសចរណ៍។

លោក ភឿង ដួងវិសិទ្ធ មគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប បាលើកឡើងថា លោកមានសេចក្តីសប្បាយរីករាយជាខ្លាំង ក្រោយពេលបានទទួលដំណឹងថា រាជរដ្ឋាភិបាលសម្រេចបើកវិស័យទេសចរណ៍ឡើងវិញ។ លោកក៏ត្រៀមលក្ខណៈ ដើម្បីទទួលទេសចរមកវិញផងដែរ។ លោកប្រកបរបរនេះអស់រយៈពេលជាង៧ឆ្នាំមកហើយ របរនេះជួយឱ្យជីវភាពគ្រួសាររបស់លោកមានភាពល្អប្រសើរឡើង។

លោកបន្ថែមថា ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩មក បានធ្វើឱ្យវិស័យទេសចរណ៍ នៅក្នុងខេត្តសៀមរាបបិទទាំងស្រុងដោយសារមិនមានភ្ញៀវមកកម្សាន្ត ហើយធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ជីវភាពគ្រួសារ។

ចំណែកឯមគ្គុទ្ទេសក៍ទេសចរណ៍មួយចំនួនធំ ព្រមទាំងអ្នកដែលអាស្រ័យលើវិស័យនេះ ងាកទៅប្រកបទៅប្រកបរបរផ្សេងៗ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ តែមិនសមប្រកបទេ ដោយសារជំនាញពួកគេ គឺការនាំភ្ញៀវទេសចរទៅកម្សាន្តតាមតំបន់ប្រាសាទ និងនិយាយពីប្រវត្តិសាស្ត្រប្រាសាទជូនទេសចរតែប៉ុណ្ណោះ។

លោក ជា វុទ្ធី អ្នករត់រ៉ឺម៉កដឹកភ្ញៀវទេសចរក្នុងតំបន់អង្គរ បានលើកឡើងមិនខុសគ្នានឹងមគ្គុទ្ទេសក៍ផងដែរថា តាំងពីមានការផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩មក របរដឹកភ្ញៀវទេសចររបស់លោក មានការឆ្លាក់ចុះជាខ្លាំង ដោយមិនមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តតំបន់អង្គរដូចពីមុនៗ។ ម្យ៉ាងវិញទៀត ខេត្តសៀមរាបក៏រងការឆ្លងរាលដាលជំងឺនេះក៏ច្រើនផងដែរ រហូតដល់អាជ្ញាធរខេត្តសម្រេចបិទខ្ទប់ក្រុងសៀមរាប ជាច្រើនលើកច្រើនសារ ដោយមិនឱ្យប្រជាពលរដ្ឋចេញពីលំនៅដ្ឋានជាដាច់ខាត បើមិនមានការចាំបាច់។

លោក វុទ្ធី បានសាទរចំពោះសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបើកវិស័យទេសចរណ៍ឡើងវិញនៅដើមឆ្នាំក្រោយ ដែលលោករំពឹងថាស្ថានភាពនឹងវិលទៅរកធាតុដើមវិញឆាប់ៗ។

គួររំលឹកផងដែរ កន្លងទៅថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកទទួលអ្នកទេសចរណ៍បរទេសដែលចាក់វ៉ាក់សាំងរួច ចូលមកកម្សាន្តក្នុងខេត្តសៀមរាបឡើងវិញ នៅដើមឆ្នាំ២០២២ ខាងមុខនេះ៕