(សៀមរាប)៖ ស្ត្រីមេម៉ាយ និងកុមារកំព្រា ៣០គ្រួសារ ទទួលបានអំណោយពីរដ្ធបាលស្រុកបន្ទាយស្រី និងសប្បុរសជន មកពីរាជធានីភ្នំពេញ។

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានលើកឡើងថា ទោះបីជាស្ថិតនៅក្នុងជំពូកក្រុមប្រជាពលរដ្ឋ ដែលងាយរងគ្រោះរួចស្រាប់ទៅហើយនោះ ប្រជាពលរដ្ឋទាំងនេះរឹតតែជួបបញ្ហាលំបាកថែមទៀត ក្នុងកាលៈទេសៈដែលមានការផ្លាស់ប្តូរជាអវិជ្ជមាន ដូចជាករណីផលប៉ះពាល់ពីជំងឺកូវីដ-១៩។ ដោយហេតុតែជីវិតប្រចាំថ្ងៃរបស់ពួកគាត់ភាគច្រើនពឹងផ្អែកយ៉ាងខ្លាំងទៅលើការជួយជ្រោមជ្រែងពីអ្នកដទៃ ការបាត់បង់ប្រាក់ចំណូល ឬការងារពីសំណាក់សមាជិកក្រុមគ្រួសារដែលតែងតែគាំទ្រពួកគាត់ ដាក់សម្ពាធរឹតតែខ្លាំងមកលើជីវភាពប្រចាំថ្ងៃ និងលទ្ធភាពនៃការការពារសុខភាពផងដែរ។

អំណោយដែលផ្តល់ទាំងនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី ១យួរ មី ១កេស ត្រីខ ១យួរ អំបិល ១គីឡូក្រាម ស្ករស ១គីឡូក្រាម ប្រេងឆា ១ដប និងម៉ាស់ ១ប្រអប់។

លើសពីនេះទៀត ក៏មានថវិកា ៣លានរៀលទៀត ត្រូវបានប្រគល់ជូនរដ្ឋបាលស្រុក ដើម្បីប្រើប្រាស់លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកអភិបាលស្រុក ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះតាសប្បុរសជនទាំងអស់ ដែលតែងតែបានបង្ហាញពីសណ្តានចិត្ត និងការចូលរួមឧបត្ថម្ភគាំទ្រដោះស្រាយបញ្ហាសង្គមយ៉ាងទូលំទូលាយ ទាំងក្នុងរូបភាពសម្ភារៈ ថវិកា និងស្មារតី។

គួរបញ្ជាក់ផងដែរ សប្បុរសជនដែលបានចូលរូមឧបត្ថម្ភរួម មាន៖សមាគមអចលនទ្រព្យសកល (GRA) សរុបទឹកប្រាក់ ៥០០០,០០០ រៀល និងអាវយឺត ចំនួន ៣០០អាវ, គម្រោង ឃុនរាម រីស៊ត ទឹកប្រាក់ ៣,០០០,០០០រៀល, អ្នកនាង ឆយហ្រ្វីដា ក្រុមហ៊ុន Angel Realty ទឹកប្រាក់ ៦០០,០០០រៀល, លោក យឹន លាងគង់ គេហទំព័រផ្សព្វផ្សាយ Property Area Asia ទឹកប្រាក់ ៦០០,០០០រៀល៕