(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការឃោសនានៃរដ្ឋសភា បានប្រាប់អង្គភាព Fresh News ឱ្យដឹងថា រដ្ឋសភា នឹងបើកកិច្ចប្រជុំជាបន្ទាន់មួយ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ស្អែកនេះ ដើម្បីពិភាក្សាជុំវិញករណីចាប់ខ្លួន លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។
លោក ឈាង វុន បានលើកឡើងថា កិច្ចប្រជុំស្អែកនេះនឹងមានការបោះឆ្នោតអនុម័ត ថាតើឱ្យតុលាការបញ្ឈប់ការចោទប្រកាន់ លោក អ៊ុំ សំអាន ឬយ៉ាងណា? ។ លោកថាការបោះឆ្នោតដើម្បីឱ្យតុលាការបញ្ឈប់នីតិវិធីលើលោក អ៊ុំ សំអាននោះ ត្រូវការសំឡេង ៣ភាគ៤ នៅក្នុងរដ្ឋសភា។
សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញចូលរួម នៅក្នុងកិច្ចប្រជុំរដ្ឋសភានេះដែរ។
សូមបញ្ជាក់ថា លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីម្សិលមិញ បន្ទាប់ពីលោកត្រឡប់ពីអាមេរិកមកដល់ប្រទេសកម្ពុជា។ លោកត្រូវបានចាប់ខ្លួននៅម្តុំផ្សារកណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេលលោកចុះដកលុយនៅទូរ ATM របស់ធនាគារ។ សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ ដែរ៕