(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានបន្តជំរុញឲ្យការិយាល័យពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចចុះល្បាតតាមដានរាល់សកម្មភាពលួចបើកខារ៉ាអូខេ ក្លឹបកម្សាន្ត និងរង្គសាល ដើម្បីមានវិធានការច្បាប់ ក្រៅពីពិនិត្យមើលទីតាំងហូបចុកមួយចំនួន និងភោជនីយដ្ឋានផងដែរ ដែលទទួលបានការអនុញ្ញាត បែរជាមិនគោរពអនុវត្តវិធានរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩។

ការជំរុញរបស់អភិបាលខណ្ឌទួលគោក ធ្វើឡើងក្នុងឱកាស ដឹកនាំកិច្ចប្រជុំការរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ នៅក្នុងកិច្ចតាមរយៈកម្មវិធីវីឌីអូហ្សូម នៅសាលប្រជុំសាលាខណ្ឌទួលគោក នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំនេះ លោក ជា ពិសី បានសង្កត់ធ្ងន់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចយកចិត្តទុកដាក់លើបញ្ហារក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងឱកាសថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ បន្ទាប់ពីទទួលបានផែនការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference ) នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានី កាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

បន្ថែមពីនេះ លោក ជា ពិសី បានបន្ដជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចយកចិត្តទុកដាក់លើការផ្សព្វផ្សាយណែនាំឲ្យប្រជាពលរដ្ឋ អនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្រៅពីការយកចិត្តទុកដាក់ទៅលើការផ្ដល់សេវាចាក់វ៉ាក់សាំងជូនកុមារអាយុ៥ឆ្នាំ និងការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញជូនប្រជាពលរដ្ឋ ដើម្បីឈានទៅកាត់ផ្ដាច់ការចម្លងកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕