(ភ្នំពេញ)៖ នៅក្នុងការសរសេរតួសេចក្តី ឬ Body នៃព័ត៌មាន គេមិនត្រូវបញ្ចូលខ្លឹមសារ ឬសម្តីណា ដែលមិនសំខាន់ ហើយ មិនពាក់ព័ន្ធទាល់តែសោះទៅនឹងប្រធានបទ និង Lead ឡើយ។ ការបញ្ចូលខ្លឹមសារដែលមិនពាក់ព័ន្ធនេះ អាចធ្វើឱ្យអ្នកអានមានភាពច្របូកច្របល់ ឬមិនច្បាស់ចំពោះអ្វីដែលសារព័ត៌មានចង់ប្រាប់ពួកគេ។

នេះជាការពន្យល់របស់ លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News ដែលហៅកាត់ថា FTC នៅក្នុងវគ្គសិក្សា អំពីការសរសេរព័ត៌មានរបស់ Fresh News កាលពីសៅរ៍ ចុងសប្តាហ៍មុននេះ ដែលជាសប្តាហ៍ទី៥ ដោយលោកបានបញ្ជាក់ដូច្នេះថា៖ «ជាញឹកញាប់សារព័ត៌មានមួយចំនួន បានសរសេរ body ទៅតាមរបាយការណ៍ស្ទើរតែទាំងស្រុងដោយដែលផ្តល់ដោយប្រភពព័ត៌មាន។ ការសរសេរទាំងស្រុងនេះ អាចធ្វើឱ្យអ្នកអាន ច្របូកច្របល់ ដូច្នេះអ្នកសារព័ត៌មាន ត្រូវចេះកាត់ចេញនូវផ្នែកណាដែលមិនពាក់ព័ន្ធនឹងប្រធានបទ ដោយមិនត្រូវស្តាយនោះទេ»

បន្ទាប់ពីឆ្លងកាត់៤សប្តាហ៍ កន្លងមកនេះ ដែលបង្ហាញអំពីមូលដ្ឋានគ្រឹះ និង សេចក្តីផ្តើម ឬតម្រុយ (Lead) នៃអត្ថបទព័ត៌មាននោះ វគ្គបណ្តុះបណ្តាលអំពីការសរសេរព័ត៌មានរបស់ Fresh News បានឈានដល់ការបង្ហាញអំពីរបៀបសរសេរតួសេចក្តី ឬ Body នៃព័ត៌មាន ដោយនៅក្នុង Body នេះមានខ្លឹមសារពន្យល់ឱ្យកាន់តែច្បាស់អំពីតម្រុយ(Lead), ការផ្ដល់នូវសាវតានៃសាច់រឿង, ការបញ្ចូលក្វូតរបស់ប្រភព ឬរឿងរ៉ាវ ឯកសារណាដែលពាក់ព័ន្ធទៅនឹងប្រធានបទជាដើម។

«អត្ថបទព័ត៌មានដែលមិនមានក្វូត គឺប្រៀបដូចជាស្លៀកខោតែមិនមានខ្សែក្រវ៉ាត់ ប៉ុន្តែមិនមែនឲ្យតែគ្រប់ក្វូត ឬគ្រប់ពាក្យនៃប្រភពអ្នកសារព័ត៌មានត្រូវដកស្រង់យកផ្សាយទាំងអស់នោះទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក ម៉ារ យ៉ារិទ្ធ។ បើទោះយ៉ាងនេះក្តី លោកថា ការផ្សាយទាំងស្រុងនូវប្រសាសន៍ប្រភពណាមួយ គឺអាស្រ័យទៅលើភាពសំខាន់ និងចាំបាច់ ដែលមានសារសំខាន់សម្រាប់អ្នកអាន ប្រិយមិត្ត ឬទស្សនិកជន។

លោកបន្តបញ្ជាក់បន្ថែមទៀតថា «ក្នុងករណីដែលសុន្ទកថា ឬរបាយការណ៍ ឬឯកសារមួយ មានចំណុចសំខាន់ផ្សេងពីប្រធានបទដែលកំពុងសរសេរ គួរតែយកចំណុចនោះ បង្កើតជាប្រធានបទថ្មីមួយទៀត ហើយបញ្ចូលនូវខ្លឹមសារពាក់ព័ន្ធនឹងប្រធានបទថ្មី ឱ្យបានក្បោះក្បាយ និងគ្រប់ជ្រុងជ្រោយ»

លោក ម៉ារ យ៉ារិទ្ធ ធ្លាប់ជាភ្នាក់ងារសារ ព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះព្រឹទ្ធាចារ្យដែលមានរហ័សនាមជា «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោក ម៉ារ យ៉ារិទ្ធ គឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក៕

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការសិក្សា សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទលេខ : 089 960 090.
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬតេឡេក្រាម៖ 092 322 334