(ភ្នំពេញ)៖ មន្ត្រីក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា មហោស្របវប្បធម៌អាស៉ីអឺរ៉ុប ឆ្នាំ២០២១ នឹងយក «របាំភោគផល» ដែលជាប្រពៃណីរបស់ជនជាតិដើមភាគតិច ទៅសម្តែងបង្ហាញពិភពលោក ក្នុងព្រឹត្តិការណ៍អមផ្លូវការ កិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុប លើកទី១៣ (ASEM13) ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។ ការសម្តែង «របាំភោគផល» គឺជាការផ្ទាំងទស្សនីយភាពមួយ ក្នុងចំណោមផ្ទាំងទស្សនីយភាពជាច្រើនទៀត នៃមហោស្របវប្បធម៌អាស៉ីអឺរ៉ុប ឆ្នាំ២០២១។

រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ASEM13 នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ហើយក្នុងឱកាសនោះ ក្រសួងវប្បធម៌ សហការជាមួយសហភាពអឺរ៉ុប (EU) និងមូលនិធិអាស៉ីអឺរ៉ុប (ASEF) នឹងរៀបចំមហោស្រពវប្បធម៌អាស៉ីអឺរ៉ុប ដែលជាព្រឹត្តិការណ៍អមផ្សេងៗទៀតនៃ ASEM13 ដោយបង្ហាញពីភាពចម្រុះនៃវប្បធម៌ និងការផ្លាស់ប្តូរសិល្បៈរវាងអាស៉ី និងអឺរ៉ុប។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីមហោស្រពវប្បធម៌ អាស៉ីអឺរ៉ុប២០២១ កាលពីម្សិលមិញ លោកស្រី ជ័យ ច័ន្ទកិត្យា អគ្គនាយករង ទទួលបន្ទុកសិល្បទស្សនីយភាព បានថ្លែងថា ព្រឹត្តិការណ៍បើកមហោស្រពជាផ្លូវការ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នឹងមានបង្ហាញនូវសិល្បៈទស្សនីយភាពពិសេសមួយ ដែលមានចំណងជើងថា «កម្ពុជាលម្អដោយវប្បធម៌ចម្រុះ» ដែលមានការសម្តែងរបាំបុរាណ ប្រជាប្រិយ និងសហសម័យ ដែលសម្តែងដោយសិល្បៈករខ្មែរ និងសិល្បករនៃបណ្តាប្រទេសដៃគូ ASEM ផងដែរ។ ការសម្តែងនេះ រួមមាន របាំជូនពរសម្រាប់ស្វាគមន៍ភ្ញៀវ, របាំប្រជាប្រិយ បង្ហាញពីពិធីគោរពសែនព្រនអ្នកតានៅពេលដាំស្រូវ និងការច្រូតកាត់, របាំបុកលក្ខ ជារបាំបង្ហាញពីក្តីស្រឡាញ់ រីឯរបាំស្រូវ ជារបាំសហសម័យខ្មែរ ដែលបង្ហាញពីថាមពល ស្វាហាប់ និងភាពវិជ្ជមានរបស់យុវជនកម្ពុជា។

លោកស្រី ជ័យ ច័ន្ទកិត្យា បានបញ្ជាក់ថា «(កម្ពុជាលម្អដោយវប្បធម៌ចម្រុះ) ប្រធានបទនេះចង់បង្ហាញថា កម្ពុជាគឺជាប្រទេសមួយ ដែលអាចស្វាគមន៍ចំពោះវប្បធម៌ផ្សេងៗ ក៏ប៉ុន្តែនៅក្នុងនោះកម្ពុជាមានវប្បធម៌ខ្លួន ឯង ហើយតាមរយៈការសម្តែងនេះ យើងមានគម្រោងច្រើនផ្សំចូលគ្នា ដើម្បីបង្ហាញទៅពិភពលោក។ ម្យ៉ាងទៀត យើងបានយកវប្បធម៌របស់យើងខុសៗគ្នា មកបង្ហាញ ឧទាហរណ៍ដូចជា របាំភោគផល ដែលជារបាំប្រពៃណីរបស់បងប្អូនភាគឦសាន...»

បើតាមមន្ត្រីក្រសួងវប្បធម៌, ចំពោះផលប្រយោជន៍ ដែលកម្ពុជាទទួលបានពីការសម្តែងទាំងនេះ គឺបានបង្ហាញពិភពលោកថា៖

១៖ មិនថាកាលៈទេសៈណាក៏ដោយ កម្ពុជានៅតែរឹងមាំ និងមានលទ្ធភាពក្នុងការធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ធំៗខ្នាតអន្តរជាតិ ហើយនេះក៏ជាសារដល់ប្រជាជនកម្ពុជាថា យើងជាប្រជាជាតិមួយ ដែលរឹងមាំប្រកបដោយសក្តានុពល
២៖ សិល្បៈវប្បធម៌យើង ត្រូវបានផ្សាយទៅកាន់ពិភពលោក ដែលមានវប្បធម៌លេចធ្លោ និងមានលក្ខណៈសម្បត្តិគ្រប់គ្រង ដើម្បីសហការជាមួយពិភពលោក។

របាំភោគផល ត្រូវបានច្នៃបង្កើតឡើងដោយផ្អែកលើប្រពៃណីជនជាតិដើមភាគតិច រស់នៅខេត្តមណ្ឌលគីរី និងរតនគីរី ពោលគឺទំនៀមធ្វើកសិកម្មតាមបែបកាប់ឆ្ការព្រៃរួចដុត (កសិកម្មពនេចរ)។ ប្រពៃណីនេះតែងឃើញអនុវត្តន៍ក្នុងចំណោមជនជាតិភាគតិចដែលរស់នៅតាមតំបន់ភ្នំ។ របាំនេះបង្ហាញពីការដាំស្រូវចម្ការ គឺបុកដាំដោយប្រើឈើ «ច្រឹង» និងការប្រមូលផលស្រូវដោយបូតនឹងដៃ។ ភ្លេងកំដររបាំនេះគឺ «គង»

របាំភោគផល ស្រាវជ្រាវ និងបង្កើតនៅឆ្នាំ១៩៩៥ ដោយព្រឹទ្ធាចារ្យទេពបញ្ញាកោសល្យវិជ្ជា ឆេង ផុន, ព្រឹទ្ធាចារ្យ ហង្ស សុត, ព្រឹទ្ធាចារ្យ ភឹម ឈៀង, ព្រឹទ្ធាចារ្យ គង់ វុធ, និងព្រឹទ្ធាចារ្យ ច្រង់ ព្រឿង។ របាំភោគផលចាប់ផ្ដើមសម្ដែងពីឆ្នាំ១៩៦៥ រហូតដល់ឆ្នាំ១៩៧៥ ហើយចាប់សម្ដែងជាថ្មីឡើងវិញនៅឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។

សូមជម្រាបថា មហោស្រពវប្បធម៌អាស៉ីអឺរ៉ុប ឆ្នាំ២០២១ មានចំណងជើងថា «អាស៉ី និងអឺរ៉ុប៖ ចំណងវប្បធម៌» ដែលជាមហោស្រពសិល្បៈចម្រុះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធអនឡាញ។ នៅឆ្នាំនេះ ព្រឹត្តិការណ៍ជាង៣០ ដែលមានសិល្បករអាស៉ី និងអឺរ៉ុប ជាង ១០០នាក់ នឹងបង្ហាញអំពីភាពចម្រុះ នៃវប្បធម៌ដ៏សម្បូរបែប និងការសហការប្រកបដោយភាពច្នៃប្រឌិតដ៏អស្ចារ្យពីអាស៉ី និងអឺរ៉ុប តាមរយៈការសម្តែងល្ខោន របាំ តន្រ្តី ការតាំងពិព័រណ៌ និងវេទិកាជជែកពិភាក្សា។

ក្នុងរយៈពេល ៥ថ្ងៃ នៃមហោស្រព ព្រឹត្តិការណ៍សិល្បៈតំណាងឲ្យដៃគូអាស៉ីអឺរ៉ុប ជាង២០ រួមមាន ការសម្តែងរបាំ និងល្ខោន ការប្រគុំតន្ត្រី សិល្បៈសូនរូប ការតាំងពិព័រណ៌ និងវេទិកាពិភាក្សាជាមួយសិល្បករ នឹងត្រូវបានបង្ហាញជាផ្លូវការលើគេហទំព័រ www.ASEMculturalfestival.com ។ កម្មវិធីផ្ទាល់នៅនឹងកន្លែង នៃមហោស្រពនេះ រួមមាន៖ ការតាំងពិព័រណ៌ សិល្បៈចំនួន ៦គម្រោង ដែលរៀបចំនៅសារមន្ទីរជាតិ និងការបញ្ចាំងខ្សែភាពយន្តចំនួន៤ នៅរោងភាពយន្ត Major Cineplex រាជធានីភ្នំពេញ៕