(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង បានជំរុញឱ្យកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធទាំងអស់ដែលចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែរក្សាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» របស់សម្ដេចតេជោ ហ៊ុន សែន។

ការជំរុញបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference ) នាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានជំរុញយ៉ាងដូច្នេះថា៖ «នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ពោល គឺនៅថ្ងៃទី១៨ ខែវិច្ឆិកា ខាងមុខនេះ ក្នុងឱកាសឈប់សម្រាកបុណ្យអុំទូក អកអំបុក សំពះព្រះខែ នឹងឈានមកដល់ ដូច្នេះ លោកស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវរក្សាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរពីខេត្ត មកលេងនៅរាជធានីភ្នំពេញ ពិសេសត្រូវបង្កើតឱ្យមានការប្រចាំការទាំងសមត្ថកិច្ច ទាំងអាជ្ញាធរខណ្ឌ សង្កាត់ និងមន្ទីរពាក់ព័ន្ធមួយចំនួន»

នាឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធ និងប៉ូលីសប៉ុស្តិ៍រដ្ឋបាល ត្រូវមានកម្លាំងប្រចាំការ ដើម្បីទទួលពាក្យបណ្ដឹងបងប្អូនប្រជាពលរដ្ឋ។ បើមិនមានអ្នកប្រចាំការ ដើម្បីទទួលពាក្យបណ្ដឹងរបស់បងប្អូនប្រជាពលរដ្ឋទេ រដ្ឋបាលរាជធានីភ្នំពេញ មិនអាចទទួលយកបានទេ។

អភិបាលរាជធានីភ្នំពេញ បានបន្ថែមថា «បញ្ហាជំងឺកូវីដ១៩ មកដល់បច្ចុប្បន្ននេះ ស្ថានភាពបានធូរស្រាលមួយកម្រិតធំហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងត្រូវតែបន្តការយកចិត្តទុកដាក់ឱ្យខ្លាំងក្លាដដែរ ពោលគឺត្រូវបន្តការផ្សព្វផ្សាយ ការណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ អនុវត្តឱ្យបាននូវវិធានរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន»។

បន្ថែមពីលើនេះ លោកឃួង ស្រេង ក៏បានជំរុញឱ្យយកចិត្តទុកដាក់ទៅលើការផ្ដល់សេវាចាក់វ៉ាក់សាំងជូនកុមារអាយុ ៥ឆ្នាំ ដោយគិតមកដល់ពេលនេះ កុមារមានអាយុ៥ឆ្នាំ ទទួលការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួនជាង ៣ម៉ឺននាក់ហើយ ក្នុងចំណោមកុមារអាយុ៥ឆ្នាំ ដែលត្រូវទទួលការចាក់វ៉ាក់សាំងទាំងអស់ នៅក្នុងរាជធានីភ្នំពេញចំនួន ៤៩,៨៤៣នាក់។

ក្រៅពីនេះលោក ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់លើការជំរុញឱ្យប្រជាពរដ្ឋទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញផងដែរ ពោលគឺបើប្រជាពលរដ្ឋដែលមិនអាចទទួលការចាក់វ៉ាក់សាំងបានដោយសារបញ្ហា ពិការភាពជាដើមនោះ ក្រុមគ្រូពេទ្យត្រូវទៅចាក់វ៉ាក់សាំងជូនពួកគាត់ដល់ផ្ទះតែម្តង។

ដោយឡែកចំពោះបញ្ហាសំរាម អភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើង នៅក្នុងកិច្ចប្រជុំនោះផងដែរ ដើម្បីឱ្យរាជធានីភ្នំពេញ ក្លាយជាទីក្រុងស្អាតមានបរិស្ថានល្អ។

ទន្ទឹមនឹងនេះដែរ លោក ឃួង ស្រេង ក៏បានបានជំរុញឱ្យក្រុមសមត្ថកិច្ចដូចជា៖ អាជ្ញាធរមូលដ្ឋាន ត្រូវចុះល្បាតជាប្រចាំ ដើម្បីតាមដានរាល់សកម្មភាព ការលួចបើកខារ៉ាអូខេ ក្លឹបកម្សាន្ត និងរង្គសាល ហើយចំពោះទីតាំងដែលបានអនុញ្ញាតដូចជាភោជនីយដ្ឋាន ទីតាំងហូបចុកមួយចំនួន ក៏ត្រូវតែចុះពិនិត្យមើលផងដែរ ថាតើពួកគាត់បានអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាលដែរ ឬទេ៕