(ភ្នំពេញ)៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៦នេះ បានបញ្ជូនជនសង្ស័យ០៩នាក់ ទៅតុលាការពាក់ព័ន្ធនឹងករណីប្លន់ លួច ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ជនសង្ស័យទី១-ឈ្មោះ អោក សារៀម ហៅ រ៉ាម ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហឹង្សា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

កន្លងមកជនសង្ស័យ អោក សារៀម ហៅ រ៉ាម នេះ គឺជាចោរប្លន់ម្នាក់ ក្នុងចំណោមបក្សពួកជាច្រើននាក់ទៀត ដែលជាដៃជើងរបស់ មេចោរប្លន់ពីរនាក់ ឈ្មោះ ដាំ ដាម៉ី និងឈ្មោះ ម៉ាត់ សាលីម ដែលបានស្លាប់ក្នុងព្រឹត្តិការបាញ់តដៃជាមួយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥។

ជនសង្ស័យទី២-ឈ្មោះ ខឿន ឆៃយ៉ា និងទី៣ ឈ្មោះ សៀង ជា គឺជាបក្សពួកក្រុមចោរប្លន់១ ក្រុមផ្សេងទៀត ដែលតែងតែធ្វើសកម្មភាពប្លន់ យកម៉ូតូតាមរយៈការប្រើដំបង ដុំថ្មដេញវាយនិងគប់ ឲ្យជនរងគ្រោះឲ្យភិតភ័យរត់ចោលម៉ូតូ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបន្ទាប់ពីបានស្រាវជ្រាវដឹងថា ក្រុមនេះពាក់ព័ន្ធករណីប្លន់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ដោយដេញវាយនិងគប់ដុំថ្ម ឲ្យជនរងគ្រោះរត់ចោលម៉ូតូ នៅមុខវិទ្យាល័យ ជា ស៊ីម សាមគ្គី។

រីឯជនសង្ស័យ០៦នាក់ទៀត មានឈ្មោះ អ៊ឹង តុង, នៅ ចំរើន, ខេង ចាន់ដេត, សុល ចំរើន, ជា សំណាង និង តាំង សុខពេជ្រ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិកន្ទោកខាងជើង សង្កាត់កន្ទោក និងភូមិប្រ៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយដកហូតបានគ្រឿងញៀនជាក់ស្តែង ចំនួន១៩កពា្ចប់ ម៉ូតូ០៧គ្រឿង ស្លាកលេខម៉ូតូចំនួន១០ ស្លាកលេខរថយន្តចំនួន០២ ព្រមទាំងសម្ភារៈសម្រាប់កាច់កម៉ូតូជាច្រើនទៀត។

តាមការស្រាវជ្រាវក្រុមនេះ មិនត្រឹមតែ ជាក្រុមជួញដូរនិងប្រើប្រាស់គ្រឿងញៀនតែមួយមុខទេ ពួកវាថែមទាំងជាក្រុម លួច ប្លន់ និងទទួលទិញផលចោរកម្ម យ៉ាងសកម្មក្នុងរាជធានីភ្នំពេញផងដែរ។ ជាក់ស្តែង ស្លាកលេខម៉ូតូចំនួន១០, ស្លាកលេខឡានចំនួន០២ និងម៉ូតូចំនួន០៧គ្រឿង គឺសុទ្ធតែជារបស់ដែលពួកវា លួច ប្លន់ និងទិញបន្តពីក្រុម លួចប្លន់បានទាំងអស់ ដូច្នេះអាវុធហត្ថរាជធានីភ្នំពេញ ក៏សូមប្រកាសដល់ជនរងគ្រោះ ដែលបានបាត់ម៉ូតូកាលពីពេលកន្លងមក សូមយកឯកសារមកផ្ទៀងផ្ទាត់ នៅបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ដើម្បីយកម៉ូតូត្រឡប់ទៅវិញផងដែរ៕