(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ លោកស្រី ញាន ទិត្យចិន្តា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនៈគិរី សមាជិក សមាជិកា គណៈកម្មាធិការសាខា-អនុសាខា និងក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៣៧៣គ្រួសារ រងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុត មកពី១៩ភូមិ ឃុំតាវែងលើ និងឃុំតាវែងក្រោម ស្រុកតាវែង នៅខេត្តរតនគិរី។

ក្នុងនោះក្រុមការងារកាកបាទក្រហមកម្ពុជា នឹងបន្តផ្តល់អំណោយមនុស្សធម៌ជូនរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុត នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្រុកលំផាតចំនួន ២៥៤គ្រួសារ និងស្រុកកូនមុំចំនួន ៧៤០គ្រួសារ សរុបទាំងអស់ចំនួន ១,៣៦៧គ្រួសារ។

ក្នុងឱកាសនោះ លោកវេជ្ជ. អ៊ុយ សំអាត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក ប្រកបដោយមនោសញ្ចេតនា ក្តីអាណិតអាសូរ ការស្រឡាញ់ ចែករំលែកនូវការលំបាក និងចូលរួមសោកស្តាយយ៉ាងក្រៃលែង ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិបង្កដោយការប្រែប្រួលអាកាសធាតុ។

ទន្ទឹមនឹងនោះ លោកវេជ្ជ.បានពាំនាំនូវសារអំពាវនាវ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនដល់ប្រជាពលរដ្ឋដូច្នេះថា៖
១៖ សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ
២៖ នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ ហើយខិតខំបន្តបង្កបង្កើតផល ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។
៣៖ សូមរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល គឺរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដោយអនុវត្តតាមវិធាន ៣ការពារ ៣កុំ និង២ចូលរួម ប្រកបដោយស្មារតីប្រុងប្រយ័ត្នជានិច្ច និងរស់នៅតាមបែបគន្លងថ្មី។

សូមបញ្ជាក់ថា ពលរដ្ឋជាង១ពាន់គ្រួសារ រងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុត នៅស្រុកតាវែង ខេត្តរតនគិរី ទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជារួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង ទឹកត្រី៦ដប, ទឹកស៊ីអ៊ីវ ៦ដប និងបណ្ណប្រកាសអំពីជំងឺកូវីដ-១៩ ចំនួន២សន្លឹក៕