(ភ្នំពេញ)៖ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានសន្យាបន្តផ្តល់ជំនួនវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ បន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។

ការសន្យារបស់លោក លី ខឺឈាង បានធ្វើឡើងក្នុុងជំនួបពិភាក្សាពិសេសមួយតាមប្រព័ន្ធវីដេអូជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងជំនួបនេះលោក លី ខឺឈាង បានសន្យាបន្តជួយកម្ពុជាលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយផ្តល់នូវវ៉ាក់សាំង ដើម្បីជួយទប់ស្កាត់ជំងឺកូវីដ១៩។

«លោក លី ខឺឈាង បានបន្តថា នៅពេលខាងមុខរដ្ឋាភិបាល និងប្រជាជន នឹងបន្តផ្តល់វ៉ាក់សាំង គ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ និងបរិក្ខារពេទ្យដទៃទៀត មកដល់ប្រទេសកម្ពុជាបន្ថែមទៀត»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក អ៊ាង សុផល្លែត។

កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាង៣០លានដូសហើយ រហូតមកដល់ពេលនេះ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិនបានផ្គត់ផ្គត់វ៉ាក់សាំងដល់កម្ពុជាច្រើនជាងគេបង្អស់។ ក្រៅពីនោះមានអង្គការសុខភាពពិភពលោក តាមរយៈយន្តការខូវ៉ាក់ ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក តាមរយៈខូវ៉ាក់ផងដែរ។

ប្រទេសចិនបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ច្រើនជាងប្រទេសណាៗទាំងអស់នៅលើពិភពលោក ខណៈវ៉ាក់សាំងភាគច្រើនដែលប្រទេសកំពុងអភិវឌ្ឍន៍ទទួលបាន គឺមកពីប្រទេសចិន។ រហូតមកដល់ពេលនេះ ប្រទេសចិនបានផ្តល់វ៉ាក់សាំងជាង១.៧ពាន់លានដូស ដល់ប្រទេសជាង១១០ប្រទេស និងអង្គការអន្តរជាតិ ដោយនឹងខិតខំផ្តល់ឲ្យបានគ្រប់២ពាន់លានដូសនៅចុងឆ្នាំនេះ៕