(ភ្នំពេញ)៖ វ៉ាក់សាំង Astrazeneca ចំនួន៣២៤,០០០ដូសបន្ថែមទៀត ដែលផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ការមកដល់នូវវ៉ាក់សាំងតាមរយៈយន្ដការកូវ៉ាក់លើកនេះ ជាលើកទី៣ហើយ។

គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបប្រមាណ៣០លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិន បានផ្គត់ផ្គត់វ៉ាក់សាំង ដល់កម្ពុជាច្រើនជាងគេបង្អស់។

ក្រៅពីនោះ មានអង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក តាមរយៈកូវ៉ាក់ផងដែរ។

វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិននៅកម្ពុជា បានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាព ដែកថែបរវាងចិន និងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែង គ្នារាល់ការលំបាក។ ជាពិសេសបានបង្ហាញនូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

កម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសមួយឈានមុនគេក្នុងតំបន់អាស៊ាន ដែលទទួលជោគជ័យខ្លាំងលើផែនការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ៕