(បន្ទាយមានជ័យ)៖ លោកវេជ្ជៈបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រាប់ពលករខ្មែរត្រឡប់ពីប្រទេថៃចូលមកម្ពុជាវិញ ដែលបានចាក់វ៉ាក់សាំង ការពារកូវីដ១៩ ពេញលេញមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ តែត្រូវធ្វើតេស្តរហ័ស។ ចំពោះពលករណា ដែលទទួលបានលទ្ធផលអវិជ្ជមាន រថយន្តក្រសួងការពារជាតិ នឹងដឹកជញ្ជូនដល់លំនៅដ្ឋានរបស់ពួកគេតែម្តង។

ការលើកទ្បើងបែបនេះបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឲ្យអ្នកដំណើរទាំងជនជាតិខ្មែរ និងជនជាតិបរទេសទាំងអស់ ធ្វើដំណើរចូលកម្ពុជា ហើយបានចាក់វ៉ាក់សាំងពេញលេញ (២ដូស) គឺមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ។

លោកប្រធានមន្ទីសុខាភិបាល បានបញ្ជាក់ថា អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទេ តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយពលករខ្មែរដែលរកឃើញវិជ្ជមានកូវីដ១៩ ដោយតេស្តរហ័សត្រូវបានបញ្ជូន ទៅព្យាបាលនៅមណ្ឌលកងវ៉ាក្រុងសិរីសោភ័ណ។

នាឱកាសនេះ លោកវរសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅ បានប្រាប់ឲ្យដឹងថា ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ និងច្រកតំបន់ព្រំដែនបឹងត្រកួនស្រុកថ្មពួក រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានទទួលពលករខ្មែរចំនួន៣០១នាក់ ស្រី១៤៦នាក់ កុមារ៣៨នាក់ស្រី២២នាក់ និងរកឃើញអ្នកវិជ្ជមានកូវីដមានចំនួន១១នាក់៕