(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ថ្ងៃទី១ គឺបញ្ចប់ដោយលទ្ធផលអាចទទួលយកបានដូចការគ្រោងទុក។
លោកបន្តថា ការប្រឡងឌីប្លូម ឆ្នាំ២០២១នេះ មានបេក្ខជនសរុប ១៦២ ៥៨៩ នាក់ (នារី ៨៧ ៨៧១នាក់), មណ្ឌលប្រឡងចំនួន ១៧២២ ត្រូវនឹងចំនួនបន្ទប់ប្រឡង ៧៣២៧។
លោក រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះថា «ជាទូទៅ ដំណើការប្រឡងឌីប្លូម នាថ្ងៃ១៥ វិច្ឆិកា ២០២១ ដែលជាថ្ងៃទី១ នៃការប្រឡងបានបញ្ចប់ដោយមានលទ្ធផលអាចទទួលយកបាន តាមការគ្រោងទុក។ ដូចឆ្នាំកន្លងមកដែរ បេក្ខជនប្រឡងឌីប្លូមមួយចំនួន តូចអវត្តមាននៅថ្ងៃនេះ ដោយសារមូលហេតុបុគ្គល។ ប្រឡងឌីប្លូម មានរយ:ពេលសរុបចំនួន២ថ្ងៃ។ ប្រឡងឌីប្លូមត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព»។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងអប់រំរូបនេះ បានផ្តាំជូនបេក្ខជនប្រឡងឌីប្លូម សូមញុំា និងគេងឲ្យបានគ្រប់គ្រាន់ ហើយត្រូវផឹកទឹកឲ្យច្រើន។ ជាពិសេសសូមចងចាំថា ចាក់វាក់សាំងហើយ ចូរកុំកន្តើយ ត្រូវប្រកាន់ភ្ជាប់នូវវិធានការ៣កុំ ៣ការពារ ហើយពេលធ្វើដំណើរ សូមក្មួយៗបន្តគោរពច្បាប់ចរាចរណ៍៕