(មណ្ឌលគិរី)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញប្រកាសទទួលស្គាល់លោក ថង សាវុន ជាប្រធានកិត្តិយសសមាគម អតីតយុទ្ធជនកម្ពុជាខេត្តមណ្ឌលគិរី ជំនួសលោក ស្វាយ សំអ៊ាង ដែលត្រូវផ្ទេរភារកិច្ចេពីប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែងវិញ។

ពិធីប្រកាសទទួលស្គាល់នេះ មានការចូលរួមពីសំណាក់លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងលោក លោកស្រី អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។

នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះមន្រ្តីរាជការ ក៏ដូចជាសមាជិកអតីតយុទ្ធជនទាំងអស់ គឺសម្ដេចទាំងទ្វេរ មិនដែលភ្លេច ឬបោះបង់ចោលបងប្អូនអតីតយុទ្ធជនទេ ហើយសម្តេចនឹកឃើញជានិច្ចចំពោះអតីកាល ដែលធ្លាប់រួមអាវុធជាមួយគ្នាព្រោះសម្តេចក៏ជាជនពិការ ដោយសារសង្គ្រាមម្នាក់ផងដែរ។

ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ដើម្បីជាការឆ្លើយតបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន របស់បងប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនប្រទេសជាតិមាតុភូមិ សូមអាជ្ញាធរ សមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសុខទុក្ខការលំបាក ក្នុងជីវភាពរស់នៅរបស់បងប្អូនក្រុមគ្រួសាររបស់អតីតយុទ្ធជនឱ្យបានល្អថែមទៀត។ ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួន ណាម្នាក់ឱ្យកាន់ការងារ អតីតយុទ្ធជន និងក្តាប់ស្ថានភាព ជីវភាពរស់នៅរបស់បងប្អូនអតីយុទ្ធជន ឱ្យបានច្បាស់លាស់ ដើម្បីធានាថាបងប្អូនយើងទទួលបាននូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាល។ ពីព្រោះការលះបង់សាច់ស្រស់ឈាមស្រស់ របស់បងប្អូនអតីតយុទ្ធជន មានគុណបំណាច់មិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ។

ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានស្នើសុំឱ្យគណៈកម្មាធិការ អាជ្ញាធរក្រុង/ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ បន្តចុះពិនិត្យឈ្វេងរកដីសម្បទាសង្គមកិច្ច ដើម្បីចែកជូនអតីតយុទ្ធជន ដែលគ្នានដី គ្មានផ្ទះស្នាក់នៅពិតប្រាកដ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូល រួមកាត់បន្ថយភាពក្រីក្រ៕