(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ បានរៀបចំពិធីទទួលអំណោយ ពីសប្បុរសជន ផ្តល់ជូនគណបក្សខេត្ត ដើម្បីប្រើប្រាស់ក្នុងការបក្ស។

ពិធីនេះស្ថិតក្រោមអធិបតីភាពលោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងសមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត។

សប្បុរសជន ដែលជាអាជីវករ ក្រុមហ៊ុន នៅក្នុងខេត្ត ដែលបានផ្តល់ថវិកា ជូនគណបក្សខេត្តពោធិ៍សាត់ នាឱកាសនេះរួមមាន៖

១-ក្រុមហ៊ុន លោក ហួត បញ្ញាវុធ ឧបត្ថម្ភថវិកា ២០លានរៀល
២-ក្រុមហ៊ុន លោក ករុណា សុខុម ០០៧ ឧបត្ថម្ភថវិកា ២០លានរៀល
៣-ក្រុមហ៊ុន លោក ស៊ន កក្កដា ឧបត្ថម្ភថវិកា ២០លានរៀល
៤-ក្រុមហ៊ុន លោក គីម ហេង ឧបត្ថម្ភថវិកា ២០លានរៀល
៥-ក្រុមហ៊ុន លោក បូ ចាន់ធី ឧបត្ថម្ភថវិកា ២០លានរៀល
៦-ក្រុមហ៊ុន លោក យៀង ពេជ្រ ឧបត្ថម្ភថវិកា ២០លានរៀល
៧-ក្រុមហ៊ុន លោក ខាត់ ថៃ ឧបត្ថម្ភថវិកា ២០លានរៀល
៨-ក្រុមហ៊ុន លោក ងួន ហួត ឧបត្ថម្ភថវិកា ២០លានរៀល
៩-ក្រុមហ៊ុន លោក ស៊ុន រិទ្ធិ ឧបត្ថម្ភថវិកា ២០លានរៀល។

លោក ជាវ តាយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលជាអាជីវករ ក្រុមហ៊ុន នៅក្នុងខេត្ត ដែលបានស្ម័គ្រចិត្តឧបត្ថម្ភថវិកានាពេលនេះ ពិតជាបានរួមចំណែកយ៉ាងសកម្ម ក្នុងការជម្រុញការងារ គណបក្ស ឈានទៅរកភាពជោគជ័យនាពេលខាងមុខ។ លោកបានកោតសរសើរដោយស្មោះ ដល់ស្មារតីក្នុងការចូលរួមជួយទ្រទ្រង់បក្ស ក្នុងនាមរដ្ឋបាល ក្នុងខ្លួនឯកឧត្តមផ្ទាល់ និងក្នុងនាមតំណាងគណបក្ស និងចូលរួមដោះស្រាយ រាល់បញ្ហាប្រឈមនានា ក្នុងការធ្វើអាជីវកម្មរបស់បងប្អូន ដែលធ្វើដោយស្របច្បាប់ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ។

លោកសូមសន្យាថា នឹងយកថវិកានេះ ទៅប្រើប្រាស់ក្នុងគោលដៅ៣សំខាន់ៗ ទី១-ប្រើប្រាស់ក្នុងការងាររដ្ឋបាល ទី២-ប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ពីលើដល់ក្រោម និងទី៣-បម្រើការងារសង្គម ពិសេសជួយដល់មន្ត្រីគណបក្ស ដែលមានការលំបាក មរណៈ...។ល។ ចំពោះកិច្ចការចំណាយ នឹងធ្វើឱ្យបានត្រឹមត្រូវ តាមគោលការណ៍គណនេយ្យភាព និងតម្លាភាព។

សូមបញ្ជាក់ថា សប្បុរសជន ដែលជាអាជីវករ ក្រុមហ៊ុន នៅក្នុងខេត្ត ដែលផ្តល់ជូនថវិកាទាំង៩ខាងលើ នឹងបន្តជួយឧបត្ថម្ភ២០លានរៀលបន្ថែមទៀត ដើម្បីបង្គប់ថវិកា៤០លានរៀល ក្នុងមួយឆ្នាំ ទៅតាមការព្រមព្រៀងដោយស្ម័គ្រចិត្ត ក្នុងការជួយទ្រទ្រង់គណបក្ស របស់ពួកគាត់។

ជាចុងក្រោម លោកបានទទួលថវិកា និងប្រគល់ប័ណ្ណថ្លែងអំណរគុណ ជូនដល់សប្បុរសជនទាំង ៩រូប នាឱកាសនោះផងដែរ៕