(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា ធ្វើជាមន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាស្ដេចត្រាញ់ប្រចាំតំបន់ទេ ប៉ុន្តែត្រូវដាក់ខ្លួនបម្រើប្រជាពលរដ្ឋប្រកបដោយឥរិយាបថល្អ ប្រកបដោយសេចក្ដីថ្លៃថ្នូរ មិនមែនយកតំណែងតួនាទីរបស់ខ្លួនទៅគៀបសង្កត់ប្រជាពលរដ្ឋ តម្កើងឬកពារខ្ពស់នោះទេ ប៉ុន្តែត្រូវគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលជុំវិញការបម្រើប្រជាពលរដ្ឋ ចៀសវាងតាំងខ្លួនជាចៅហ្វាយរបស់រាស្ត្រ។
ការថ្លែងបែបនេះរបស់លោក គង់ សោភ័ណ្ឌ បានធ្វើឡើងនៅក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ អគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកលើកដែក នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ជាមួយគ្នានេះ លោកអភិបាលខេត្តបានក្រើនរំឮកដល់មន្ត្រីច្រកទាំងអស់ និងមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋានទាំងអស់ចាំបាច់ត្រូវមានលក្ខណៈសម្បត្តិ៧ ចំណុចឱ្យមានប្រកបដោយប្រសិទ្ធភាព ឈរលើគោលជំហរច្បាស់លាស់ ដើម្បីទទួលបានការទុកចិត្ត និងពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់ឱ្យបាននូវបញ្ហាអសកម្មនានា និងសន្តិសុខសង្គមឱ្យល្អប្រសើរ ក្នុងនោះមើលបញ្ហាចរាចរណ៍ ចោរកម្ម ឆក់ ប្លន់នានា។
លោកអភិបាលខេត្ត បានបន្តថា ដាក់តារាងតម្លៃឱ្យធំៗ ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋឃើញ ហើយហាមយកតម្លៃលើស ហាមរកាំរកូសកោសរូសយកលុយពីពលរដ្ឋក្រៅសេវា ហាមយឺតយ៉ាវ ហាមធ្វើអំពើពុករលួយផ្សេងៗ ប៉ុន្តែត្រូវរួសរាន់ប្រញាប់ប្រញាល់បំពេញការងារបម្រើប្រជាពលរដ្ឋឱ្យបានរហ័សទាន់ចិត្ត មានតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយសិលធម៍វិជ្ជាជីវៈ។
បន្ថែមពីលើនេះទៀត លោក គង់ សោភ័ណ្ឌ បានសង្កត់ធ្ងន់ចំពោះមន្ត្រីថ្នាក់ក្រោមជុំវិញការងារបម្រើរាស្ត្រ ធ្វើយ៉ាងយកចិត្តទុកដាក់ឲ្យបានល្អ ដើម្បីទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតនាអាណត្តិខាងមុខទៀត ធ្វើយ៉ាងណាដោះស្រាយបញ្ហារបស់រាស្ត្រ យល់ពីទុក្ខលំបាករបស់រាស្ត្រ ដាក់ចិត្តដាក់កាយបំរើរាស្ត្រចេញពីដួងចិត្តពិត ហាមដាច់ខាត «ឥរិយាបថមិនល្អ» ដាក់ប្រជារាស្ត្រ មិនថាគាត់មាននិន្នាការនយោបាយខាងណាឡើយ ពោលគឺគឺត្រូវបម្រើពួកគាត់ឱ្យបានល្អ ស្របតាមការចង់បានរបស់ថ្នាក់លើ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលខេត្ត ក៏បានលើកឡើងពីគុណបំណាច់ដ៏ច្រើនក្រាស់ក្រែលរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំនាវាមួយនេះពីបាតដៃទទេរហូតបានរីកចម្រើនស្ទើរគ្រប់វិស័យដូចបានឃើញបច្ចុប្បន្ននេះ ហើយនឹងនៅតែបន្ត អភិវឌ្ឍន៍ ទៅមុខជាលំដាប់ទៀត។ ដូច្នេះ ចូរមន្ត្រីទាំងអស់គ្នាត្រូវធ្វើយ៉ាងបង្កើនប្រជាប្រិយភាពខ្លួនឱ្យបានល្អ ព្រោះថ្នាក់ក្រោមនេះហើយជាអ្នកធ្វើការផ្ទាល់ជាមួយប្រជារាស្ត្រ និងសូមធ្វើការងារនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៕