(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួល និងសម្រេចលើពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិចំនួន ៤,០៧៤នាក់ ក្នុងនោះស្ត្រីមានចំនួន ១,៥៧៣នាក់ ឱ្យចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិទាំង ៤,០៧៤នាក់ គឺមកពីបណ្តាសមាគម និងអង្គការចំនួន១៥ អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ ឬជនបរទេសដែលជាសមាជិកនៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអនុញ្ញាតដោយ គ.ជ.ប។

គ.ជ.ប បានឱ្យដឹងថា សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់-មេភូមិ ជំនួយការមេភូមិ ប្រជាការពារភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាអ្នកសង្កេតការណ៍ ដើម្បីសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឡើយ។

គំរូពាក្យសុំចុះឈ្មោះ សម្រាប់អ្នកសង្កេតការណ៍ជាតិផ្តល់ជូនដោយឥតគិតថ្លៃ ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប https://www.nec.gov.kh/khmer/content/4928 និងត្រូវដាក់ពាក្យ នៅទីស្តីការ គ.ជ.ប (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល) រៀងរាល់ម៉ោងធ្វើការពេលព្រឹកពីម៉ោង ៧៖០០នាទី ដល់១១៖៣០នាទី និងពេលរសៀលពីម៉ោង១៤៖០០នាទី ដល់១៧៖៣០នាទី។

បន្ថែមពីនេះ គ.ជ.ប បានបន្តថា ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ប្រព្រឹត្តទៅពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។

សូមបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិដែលបានអនុញ្ញាតឱ្យចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវគោរពឱ្យខាងតែបាននូវក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតដែលបានអនុម័តដោយ គ.ជ.ប៕