(កំពង់ឆ្នាំង)៖ អាជ្ញាធរឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឃ្លាំមើលអ្នកលួចចាក់សំរាមយ៉ាងអនាធិបតេយ្យ ដើម្បីចាប់យកមកផាកពិន័យតាមផ្លូវច្បាប់ ជាការព្រមានកុំឲ្យពលរដ្ឋយកគំរូតាម។
ទាក់ទងនៃការចាក់សំរាមចោលតាមដងផ្លូវនេះ គេបានពិនិត្យឃើញនៅតាមដងផ្លូវលំមួយកន្លែង ស្ថិតនៅខាងកើតវត្តទួលខ្សាច់ ក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ត្រូវបានគេលួចដឹកសំរាមយកមកចាក់ចោលតាមចិញ្ចើមផ្លូវលំ នៅចំណុចខាងលើនេះយ៉ាងអនាធិបតេយ្យ។
បើកតាមការពិនិត្យជាក់ស្ដែងសំរាមទាំងនោះមានដូចជា៖ ដបប៊ីយែរ ដបទឹកសុទ្ធ និងសំរាមផ្សេងៗទៀតជាច្រើន ដែលអាចបញ្ជាក់បានថា អ្នកដែលលួចចាក់សំរាមនេះ ប្រហែលជាអ្នកលក់ដូរហាងស៊ីផឹកណាមួយ ដែលយូរៗម្ដងគេលួចដឹកសំរាមក្នុងហាងនោះយកមកចាក់ចោលទីនេះ។
ចំពោះករណីខាងលើនេះដែរនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ បានបញ្ជាក់ប្រាប់តាមទូរស័ព្ទថា អរគុណចំពោះព័ត៌មាននេះ ប៉ុន្តែកន្លងមកលោកក៏ពុំបានដឹងទេ ដោយលោកមេភូមិ ទួលខ្សាច់ ក៏មិនបានរាយការណ៍មកសាលាឃុំនោះដែរ។
លោកមេឃុំ បានបន្តថា ដូច្នេះករណីនេះ លោកនឹងចាត់តាំងឱ្យក្រុមប្រឹក្សាឃុំ សហការជាមួយមេភូមិ ចុះទៅត្រួតពិនិត្យមើលនៅទីតាំងនោះ និងចាត់វិធានការឲ្យសមត្ថកិច្ចក៏ដូចជាប្រជាការពារឃ្លាំ មើលដើម្បីចាប់ អ្នកលួចចាក់សំរាមចោលអនាធិបតេយ្យនេះ យកមកពិន័យតាមផ្លូវច្បាប់ ដើម្បីជាការព្រមានកុំឲ្យគេយកគំរូតាម។
សូមរំលឹកថា ចំពោះអ្នកចាក់សំរាមចោលអនាធិបតេយ្យតាមផ្លូវសាធារណៈខុសទីតាំងកំណត់ តាមគោលការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងពេលប្រជុំថ្មីៗនេះ បានដាក់ចេញនូវផែនការ ដោយឱ្យអាជ្ញាធរ មូលដ្ឋាន និងសមត្ថកិច្ចត្រូវតែឃ្លាំចាំមើលអ្នកដែលលួចចាក់សំរាមចោលនោះ យកមកផាកពិន័យឲ្យបានម៉ឺងម៉ាត់ ដើម្បីជាការព្រមាន ឲ្យរាងចាលកុំឱ្យអ្នកដទៃយកគំរូនេះតាម ដោយអនុវត្តទៅតាមអនុក្រឹត្យលេខ១១៣ អនក្រ.បក ការគ្រប់គ្រងកាកសំណល់តាមទីប្រជុំជន ដូចជាការចោ លសំរាមតាមទីសាធារណៈ ឬតាមដងផ្លូវ និងត្រូវផាកពិន័យអន្តរការណ៍ ជាប្រាក់ចាប់ពី២ម៉ឺនរៀល ដល់៤០ម៉ឺនរៀលផងដែរ។
គួរជម្រាបថា ការលួចដឹកសំរាមយកមកចាក់ចោលពាសពេញទីសាធារណៈ គ្មានសណ្ដាប់ធ្នាប់ខាងលើនេះ វាបានធ្វើឱ្យប៉ះពាល់ ដល់បរិស្ថានក្នុងការរស់នៅ និងសោភ័ណភាពក្នុងភូមិឋានផងដែរ។ ករណីនេះបើអាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ មិនចំណាត់ការទេនោះ ការលួចចាក់ សំរាមនៅចំណុចខាងលើនេះ នឹងរាលដាលបន្តទៀតកាន់តែច្រើនមិនខានឡើយ៕