(រតនគិរី)៖ លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានលើកទ្បើងថា តម្លៃស្រូវនេះខ្ពស់ជាងឆ្នាំមុន ខណៈការប្រមូលផលស្រូវវស្សាសម្រេចបានជាង៧០%ហើយ។
ការលើកឡើងបែបនេះរបស់លោក សយ សូណា នៅក្នុងឱកាសចុះស្វែងយល់ពីការប្រមូលផលស្រូវរដូវវស្សារបស់កសិករ នៅភូមិម៉ុយឃុំញ៉ាង ស្រុកអណ្តូងមាស នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
លោក សយ សូណា បានប្រាប់ឲ្យដឹងថា នៅទូទាំងខេត្តរតនគិរី នៅរដូវវស្សាឆ្នាំ២០២១នេះ ការដាំដុះស្រូវស្រែ និងស្រូវចម្ការប្រមាណជាង៣ម៉ឺនហិកតា ក្នុងនោះស្រូវចម្ការជាង១ម៉ឺនហិកតា ដែលមកដល់បច្ចុប្បន្ននេះការប្រមូលផល បានជាង៧០% ហើយទិន្នផលជាមធ្យមបានជាង២តោនក្នុង១ហិកតា។
លោកប្រធានមន្ទីរកសិកម្ម បានបញ្ជាក់ថា ដូច្នេះទិន្នផលស្រូវឆ្នាំនេះ មានប្រមាណ៦ម៉ឺនតោន ដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត បានគ្រប់គ្រាន់ និងឈានដល់ការនាំចេញថែមទៀតផង។ រីឯតម្លៃស្រូវគឺក្នុង១គីឡូក្រាម ១.១០០ទៅ១.២០០រៀល បើប្រៀបធៀបឆ្នាំទៅតម្លៃមានការកើនឡើងបន្តិច។
លោក ចាន ជឺយាន ជាអ្នកដាំស្រូវមួយរូប ដែលគាត់ដាំដុះស្រូវលើផ្ទៃដីប្រមាណ២៥៧ហិកតា បានរៀបរាប់ឲ្យដឹងថា ផលស្រូវឆ្នាំនេះ បានផលល្អប្រសើរដោយសារអំណោយទឹកភ្លៀងគ្រប់គ្រាន់។
អ្នកដាំស្រូវរូបនេះបន្តថា ដោយសារប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះវិស័យកសិកម្ម ក៏មានការអភិវឌ្ឍទៅតាមនោះដែរ ពោលគឺបច្ចុប្បន្នប្រជាកសិករប្រកបរបរកសិកម្ម តាមបែបទំនើបស្ទើរគ្រប់ៗគ្រួសារអស់ហើយ។ ជាក់ស្តែង ក្នុងផ្ទៃដីស្រែចំនួន២៥៧ហិកតានេះ លោកប្រមូលផលស្រូវបានចំនួនពី៥៥០ ទៅ៦០០តោនក្នុងមួយឆ្នាំផងដែរ៕