(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចាត់ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះសម្របសម្រួលយកកុមារចំនួន ៣នាក់ ពីអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» មកជួបម្តាយដែលកំពុងជាប់ឃុំនៅមណ្ឌល់អប់រំកែប្រែទី២ (ម២)។

ការសម្របសម្រួលនេះ ដឹកនាំដោយលោកស្រី ឆាំ ម៉ារី សមាជិក និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានស៊ើបអង្កេត រួមដំណើរដោយលោក ប៊ុត ផល្លា សមាជិក និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត, លោក រស់ សាវី អនុប្រធាននាយកដ្ឋាន និងកញ្ញា ពៅ ខេមរី អនុប្រធាននាយកដ្ឋាន។

នាឱកាសនោះដែរ ក្រុមការងារបាននាំយកឱសថ និងសម្ភារប្រើប្រាស់សម្រាប់ទារិកា អាយុ៤ខែកន្លះ ដែលម្តាយកំពុងជាប់ឃុំនៅមណ្ឌលនេះផងដែរ។ អំណោយទាំងនេះ គឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់លោក កែវ រ៉េមី ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ របស់មណ្ឌលអប់រំកែប្រែ អង្គការការអភិវឌ្ឍន៍កុមារកម្ពុជា និងជនជាប់ឃុំ។

សូមជម្រាបថា លោក កែវ រ៉េមី ជានិច្ចកាលតែងតែបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ នៅមណ្ឌលអប់ប្រែរំម២ អ្វីដែលសំខាន់ គឺមានកូននៅជាមួយក្នុងនាមជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកពិតជាមានក្តីអាណិត និងរន្ធត់ក្នុងចិត្តខ្លាំងណាស់ដែលចាំបាច់ ត្រូវខិតខំរកអង្គការណា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលទទួលយកក្មេងនោះ ហើយដែលអាចផ្តល់ទាំងអាហារ និងចំណេះដល់ក្មេងបាន។

បន្ថែមពីនេះ លោក កែវ រ៉េមី បានអំពាវនាវដល់មាតាបិតាកុំប្រព្រឹត្តល្មើសនឹងច្បាប់ ដែលធ្វើឱ្យប៉ះពាល់អនាគតកូនៗមិនទាន់ដឹងអ្វីនោះ ឱ្យទទួលរងគ្រោះដោយសារតែខ្លួន។ លោកក៏បានដាស់តឿនដល់នារី ដែលជាប់ឃុំនៅក្នុងមណ្ឌលអប់រំទាំងអស់ត្រូវខិតខំកែប្រែខ្លួន បន្ទាប់ពីអនុវត្តន៍ទោសរួចរាល់ ត្រូវធ្វើជាមនុស្សល្អនៅក្នុងសង្គម ដើម្បីជាម្លប់ដល់កូនៗទាំងអស់ និងជាពិសេសផ្តល់ឱកាសសម្រាប់ឱ្យកូនតូចទាំងនេះ បានចូលសិក្សាដូចកុមារដទៃផ្សេងទៀតផងដែរ។

ដោយឡែកសម្រាប់អង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» បានខិតខំប្រឹងប្រែងធ្វើឱ្យកូនៗ កុមារក្រីក្រ កុមារកំព្រា និងកុមារងាយរងគ្រោះដែលឪពុកម្តាយស្លាប់ចោល ដោយសារមេរោគអេដស៍ ជំងឺអេដស៍ បានប្រែក្លាយមុខមាត់សារជាថ្មីក្នុងការរស់នៅប្រកបដោយសុវត្តិភាព សុភមង្គល គ្មានការរើសអើង ការថែទាំសុខភាព ការអប់រំមូលដ្ឋានឱ្យចាកផុតពីអំពើហឹង្សាការរំលោភបំពាន និងការជួញដូរ ជាពិសេសធ្វើឱ្យពួកគេ មានសេចក្តីសង្ឃឹមក្នុងការតស៊ូរស់នៅ ដើម្បីទទួលបានជោគជ័យ ក្នុងថ្ងៃអនាគត៕