(ភ្នំពេញ)៖ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុប លើកទី១៣ (ASEM13) ជាប្រវត្តិសាស្ត្រនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីរៀបចំមហោស្រពវប្បធម៌អាស៉ីអឺរ៉ុប ដែលជាព្រឹត្តិការណ៍អមផ្លូវការ នៃកិច្ចប្រជុំជំនួបកំពូលកម្រិតពិភពលោកមួយនេះ។

នេះបើតាមការឲ្យដឹងរួមគ្នារបស់លោក គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អនុប្រធានគណៈកម្មការជាតិរៀបចំ ASEM13 និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំមហោស្រពវប្បធម៌អាស៉ីអឺរ៉ុប និងលោក ទិហាមៀ ហ្ស៉ីកា អនុប្រធានបេសកកម្មការទូត នៃប្រតិភូអឺរ៉ុបប្រចាំកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ បានបញ្ជាក់ថា មហោស្រពវប្បធម៌អាស៉ីអឺរ៉ុប ធ្វើឡើងជារៀងរាល់ឆ្នាំ ដែលជាព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលអាស៉ឺអឺរ៉ុប ឬកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៉ីអឺរ៉ុប។ ព្រឹត្តិការណ៍នេះ បង្កើតបានជាការខិតខំស្វែងរកសក្តានុពលដ៏ធំសម្បើម និងភាពស៉ីចង្វាក់គ្នា នៃកិច្ចសហប្រតិបត្តិការអន្តរវប្បធម៌ និងកិច្ចសហការបង្កើតស្នាដៃសិល្បៈរវាងទ្វីបទាំងពីរ ដែលជាវេទិកាវប្បធម៌ដ៏លេចធ្លោមួយ នៅក្នុងក្រខណ្ឌនៃកិច្ចប្រជុំថ្នាក់ដឹកនាំអាស៉ីអឺរ៉ុប។

មហោស្រពនេះ ក៏មានគោលបំណងបង្កើនការយល់ដឹងអំពីដំណើរការ នៃកិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុប ដល់សហគមន៍សិល្បៈនៃតំបន់ទាំងពីរ និងសាធារណជនទូទៅ។ មហោស្រពនេះ ក៏បង្ហាញពីទស្សនៈ និងគុណតម្លៃរបស់អាស៉ីអឺរ៉ុប ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងទ្វីបទាំងពីរផងដែរ។

នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ASEM13 ហើយក្នុងឱកាសនោះដែរ ក្រសួងវប្បធម៌ សហការជាមួយសហភាពអឺរ៉ុប (EU) និងមូលនិធិអាស៉ីអឺរ៉ុប (ASEF) នឹងរៀបចំមហោស្រពវប្បធម៌អាស៉ីអឺរ៉ុប ដែលជាព្រឹត្តិការណ៍អមផ្សេងៗទៀតនៃ ASEM13 ដោយបង្ហាញពីភាពចម្រុះនៃវប្បធម៌ និងការផ្លាស់ប្តូរសិល្បៈរវាងអាស៉ី និងអឺរ៉ុប។

មហោស្រពវប្បធម៌អាស៉ីអឺរ៉ុប ឆ្នាំ២០២១ មានចំណងជើងថា «អាស៉ី និងអឺរ៉ុប៖ ចំណងវប្បធម៌» ដែលជាមហោស្រពសិល្បៈចម្រុះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធអនឡាញ។ នៅឆ្នាំនេះ ព្រឹត្តិការណ៍ជាង៣០ ដែលមានសិល្បករអាស៉ី និងអឺរ៉ុប ជាង ១០០នាក់ នឹងបង្ហាញអំពីភាពចម្រុះ នៃវប្បធម៌ដ៏សម្បូរបែប និងការសហការប្រកបដោយភាពច្នៃប្រឌិតដ៏អស្ចារ្យពីអាស៉ី និងអឺរ៉ុប តាមរយៈការសម្តែងល្ខោន របាំ តន្រ្តី ការតាំងពិព័រណ៌ និងវេទិកាជជែកពិភាក្សា។

ព្រឹត្តិការណ៍បើកមហោស្រពជាផ្លូវការ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នឹងមានបង្ហាញនូវសិល្បៈទស្សនីយភាពពិសេសមួយ ដែលមានចំណងជើងថា «កម្ពុជាលម្អដោយវប្បធម៌ចម្រុះ» ដែលមានការសម្តែងរបាំបុរាណ ប្រជាប្រិយ និងសហសម័យ ដែលសម្តែងដោយសិល្បៈករខ្មែរ និងសិល្បករនៃបណ្តាប្រទេសដៃគូ ASEM ផងដែរ។ ការសម្តែងនេះ រួមមាន របាំជូនពរសម្រាប់ស្វាគមន៍ភ្ញៀវ, របាំប្រជាប្រិយ បង្ហាញពីពិធីគោរពសែនព្រនអ្នកតានៅពេលដាំស្រូវ និងការច្រូតកាត់, របាំបុកលក្ខ ជារបាំបង្ហាញពីក្តីស្រឡាញ់ រីឯរបាំស្រូវ ជារបាំសហសម័យខ្មែរ ដែលបង្ហាញពីថាមពល ស្វាហាប់ និងភាពវិជ្ជមានរបស់យុវជនកម្ពុជា។

ក្នុងរយៈពេល ៥ថ្ងៃ នៃមហោស្រព ព្រឹត្តិការណ៍សិល្បៈតំណាងឲ្យដៃគូអាស៉ីអឺរ៉ុប ជាង២០ រួមមាន ការសម្តែងរបាំ និងល្ខោន ការប្រគុំតន្ត្រី សិល្បៈសូនរូប ការតាំងពិព័រណ៌ និងវេទិកាពិភាក្សាជាមួយសិល្បករ នឹងត្រូវបានបង្ហាញជាផ្លូវការលើគេហទំព័រ www.ASEMculturalfestival.com។ កម្មវិធីផ្ទាល់នៅនឹងកន្លែង នៃមហោស្រពនេះ រួមមាន៖ ការតាំងពិព័រណ៌ សិល្បៈចំនួន ៦គម្រោង ដែលរៀបចំនៅសារមន្ទីរជាតិ និងការបញ្ចាំងខ្សែភាពយន្តចំនួន៤ នៅរោងភាពយន្ត Major Cineplex រាជធានីភ្នំពេញ។

សូមជម្រាបថា ASEM13 គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលទទួលបាននូវមហាកិត្តិយស និងមោទកភាព ក្នុងការរៀបចំជំនួបកំពូលកម្រិតពិភពលោកមួយ ដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ចំនួន ៥១ប្រទេស មកពីទ្វីបទាំងពីរ ប្រធានសហគមន៍អឺរ៉ុប និងប្រធានក្រុមប្រឹក្សាអឺរ៉ុប បូកទាំងអគ្គលេខាធិការអាស៊ាន។ រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមថា កិច្ចប្រជុំ ASEM13 នេះនឹងរួមចំណែកដ៏គួរឱ្យកត់សម្គាល់មួយដល់ការពង្រឹងពហុភាគីនិយម រក្សានូវរបៀបរបបអន្តរជាតិផ្អែកទៅលើច្បាប់ ហើយឆ្លងកាត់តាមសកម្មភាពរួមរបស់យើង។

ប្រទេសជាសមាជិក ASEM គឺតំណាងឱ្យ ៦៥ភាគរយ នៃចំនួនសេដ្ឋកិច្ចពិភពលោក, ៦០ភាគរយ នៃចំនួនប្រជាជនពិភពលោកទាំងមូល, ចំនួន៥៥ភាគរយ នៃចំនួនពាណិជ្ជកម្ម និង៧០ នៃចំនួនទេសចរណ៍នៃពិភពលោកទាំងអស់។ ប៉ុន្តែ ASEM នេះមិនមែនជាអង្គការនោះទេ គឺជាវេទិកាជជែកគ្នាពីបញ្ហាទាំងឡាយ ដែលមានផលប្រយោជន៍រួមជាមួយគ្នា៕