(ភ្នំពេញ)៖ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបពិភាក្សា និងស្វែងយល់អំពីវិស័យសកម្មភាពមីននៅកម្ពុជា។

ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនចំពោះរដ្ឋាភិបាលនៃប្រទេសសឹង្ហបុរី ដែលបានចូលរួមគាំទ្រជួយដល់កម្ពុជា ក្នុងការកសាងសមត្ថភាពដល់មន្រ្តីរាជការ រួមមានការរៀបចំគោលនយោបាយ ការផ្តល់អាហារូបករណ៍ និងការផ្លាស់ប្តូរបទពិសោធន៍ និងជួយដល់វិស័យសកម្មភាពមីនតាមរយៈការធ្វើជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ក្នុងឆ្នាំ២០១៨។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ជូនលោកស្រីឯកអគ្គរដ្ឋទូតថា ថ្មីៗនេះ បន្ទាប់ពីទទួលការអនុញ្ញាតដ៏ពីសម្តេចតេជោ នាយករដ្ឋមន្រ្តី អាជ្ញាធរមីន បានចាប់ផ្តើមអនុវត្តយន្តការភូមិអស់ការគម្រាមដោយសារមីន ហើយបានទទួលជោគជ័យនៅភូមិមួយក្នុងខេត្តកែប ព្រមទាំងគ្រោងនឹងអនុវត្តន៍នៅតាមភូមិផ្សេងៗទៀតនៅទូទាំងប្រទេស តាមរយៈការចលនាកៀរគរធនធានឧបត្ថម្ភគាំទ្រដល់ការងារបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ពីវិស័យឯកជន និងសប្បុរសជននានា ដែលមានបំណងចង់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់ការគំរាមកំហែងដោយសារមីនតាមភូមិ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានបង្ហាញពីបំណងចង់ឃើញប្រទេសសឹង្ហបុរី ចូលរួមឧបត្ថម្ភគាំទ្រដល់ការអនុវត្តយន្តការភូមិអស់ការគំរាមដោយសារមីន ដើម្បីឈានឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥ និងការចូលរួមកសាងសមត្ថភាពផ្នែករៀបចំគោលនយោបាយ និងអភិបាលកិច្ចដល់មន្ត្រីអាជ្ញាធរមីន៕