(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានចាត់ឲ្យមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរក្នុងក្រុងកំពង់ចាម រកទីកន្លែងសាធារណៈសមរម្យ ដើម្បីសាងសង់បង្គន់សាធារណៈបែបស្តង់ដារ ទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងគោលបំណង បញ្ចៀសការបន្ទោរបង់អនាធិបតេយ្យ ដើម្បីលើកកម្ពស់ សុខមាលភាពរបស់ប្រជាពលរដ្ឋ នឹងធ្វើឱ្យសុភណ្ឌភាពក្នុងក្រុងកំពង់ចាមកាន់តែប្រសើរឡើង។
លោកអភិបាលខេត្ត បានលើកឡើងអំពីផែនការនេះ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានថ្លែងថា កន្លងទៅរដ្ឋបាលខេត្តបានរៀបចំផែនការ ក្នុងមួយឆ្នាំត្រូវសាងសង់បង្គន់សាធារណៈបែបស្តង់ដារ របស់ក្រសួងទេសចរណ៍ឲ្យបានមួយ។ ប៉ុន្តែត្រូវជួបបញ្ហាខ្លះៗ ក្នុងឆ្នាំ២០២១នេះ ដោយសារកង្វះ ខាតទីតាំង ដែលជាដីសាធារណៈរបស់រដ្ឋ ម្យ៉ាងទៀតក្នុងឆ្នាំនេះដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើនិយ័តកម្មថវិកា ចំលើការសាងសង់បន្ទប់ទឹកសាធារណៈនេះ ដោយយល់ឃើញថា ក្នុងបរិបទកូវីដ១៩ កំពុងរាតត្បាត មិនទាន់មានប្រជាពលរដ្ឋច្រើន ចេញដើរកម្សាន្តនោះទេ។
លោកអភិបាលខេត្ត បានបន្តថា ក្នុងឆ្នាំ២០២២ខាងមុខនេះ រដ្ឋបាលខេត្តចាំបាច់ ត្រូវស្វែងរកទីតាំងសមរម្យ ដើម្បីសាងសង់បង្គន់អនាម័យបែបស្តង់ដាររបស់ក្រសួងទេសចរណ៍ ឱ្យបានមួយកន្លែង ដើម្បីទុកឱ្យប្រជាពលរដ្ឋប្រើប្រាស់ ជាប្រយោជន៍លើកកម្ពស់សោភ័ណភាព ក្នុងក្រុងកំពង់ចាមផង និងលើកកំពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងខេត្តផង ក៏ដូចជាភ្ញៀវទេសចរមកពីតំបន់នានាផងដែរ៕