(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូចគោក បានចេញសេចក្តីអំពាវនាវមួយ ជូនចំពោះសាធារណជនទូទៅឲ្យបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាថ្ងៃទិ១៣-១៤-១៥-១៦ ខាងមុខនេះ។
ក្នុងសេចក្តីអំពាវនាវ បស់ក្រសួងមហាផ្ទៃ ដែលអង្គភាព Fresh News ទទួលបានមុននេះបន្តិច បានបញ្ជាក់ថា ដើម្បីបង្ការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គណៈកម្មការធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវឲ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ គោរពតាម លក្ខខណ្ឌសំខាន់ៗ ដូចជា៖
១-ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ខ្លួន មុនពេលធ្វើចរាចរ។
២-អ្នកបើកបររថយន្ដ និងអ្នករួមដំណើរ សូមពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ឱ្យបានត្រឹមត្រូវជាប់ជានិច្ច។
៣-អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទាំងអស់ ត្រូវពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវគ្រប់ៗគ្នា ទោះធ្វើដំណើរជិតឬឆ្ងាយ និងគ្រប់ពេលវេលា។ ត្រូវចងចាំជានិច្ចថា «មួកសុវត្ថិភាពមួយ ការពារជិវីតមនុស្សបានម្នាក់»។
៤-អ្នកបើកបរត្រូវបន្ថយល្បឿន បើកបររបស់ខ្លួនទៅតាមច្បាប់កំណត់ និងតាមស្ថានភាពជាក់ស្ដែង ដូចជាទីប្រជុំជន សាលារៀន ផ្លូវគ្រលុក ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លូវចង្អៀត ឬផ្លូវរអិល។ល។ មូលហេតុចម្បងដែកបណ្ដាលឱ្យ មានគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរលឿន។
៥-អ្នកបើកបរមុននឹងវ៉ា ជែង ត្រូវដឹងថាផ្លូវខាងមុខទំនេរ អាចជែងបានដោយសុវត្ថិភាព ជៀសវាងការវ៉ា ជែងដោយប្រថុយប្រថាន ដេលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
៦-អ្នកបើកបរត្រូវគោរពសិទ្ធិអាទិភាព នៅត្រង់ផ្លូវប្រសព្វ ដោយត្រួវបើកបរបន្ថយល្បឿន នៅពេលជិតដល់ផ្លូវប្រសព្វ និងត្រូវទុកសិទ្ធិឱ្យអ្នកបើកបរដែលធ្វើចរាចរណ៍ នៅលើផ្លូវធំ និងត្រង់មុន។
៧-មិនបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង និងសូមចងចាំជានិច្ចនូវពាក្យស្លាក «បើពិសាគ្រឿងស្រវឹងសូមកុំបើកបរ»។ ស្ថានភាពស្រវឹងនឹងបង្កឱ្យអ្នកបើកបរ នឹងបាត់បង់ការចង់ចាំ វង្វេងស្មារតី មិនអាចបញ្ជាយានបានសុវត្ថិភាព ងាយប្រឈមនឹងការបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយសារការបុកប៉ះ។
៨.ចំពោះរថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ សូមកុំផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ជាពិសេសរថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុកមនុស្សនៅលើដំបូល និងមិនដំឡើងថ្លៃធ្វើដំណើរ ក្នុងឱកាសនេះទេ។
៩. នៅពេលបើកបរ ត្រូវប្រកាន់ខ្ចាប់នូវសុជីវធម៌ សីលធម៌ និងការអធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីទប់ស្តាត់គ្រោះថ្នាក់ ឬសម្រួលនូវស្ថានភាពកកស្ទះចរាចរណ៍។
ព័ត៌មានលំអិតសូមអាន សេចក្តីអំពាវនាវរបស់ក្រសួងមហាផ្ទៃ ទាំងស្រុង៖